អង់គ្លេសជំរុញឱ្យអ៊ីរ៉ង់ឈប់បំពាក់អាវុធដល់ក្រុម Houthi នៅយេមែន
ឡុងដ៍៖ ប្រមុខការទូតអង់គ្លេស ក្នុងថ្ងៃពុធនេះ ថ្លែងថា ខ្លួនបានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន ហើយបានជំរុញឱ្យទីក្រុងតេហេរ៉ង់ បញ្ឈប់ផ្តល់ការគាំទ្រក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយេម៉ែន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ ខាំមឺរុន ដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហោះសារលើបណ្តាញសង្គម X ថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់ក្រុមហ៊ូទី និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន បញ្ឈប់ការវាយប្រហាររបស់ពួកឧទ្ទាមនេះនៅសមុទ្រក្រហម។
លោក ខាំមឺរុន បន្ថែមថា អ៊ីរ៉ង់ក៏ត្រូវតែបញ្ឈប់ការប្រើប្រាស់ស្ថានភាពក្នុងតំបន់ ជាលេសបិទបាំង ដើម្បីធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃផងដែរ។
ខ្ញុំបានបញ្ជាក់រឿងនេះយ៉ាងច្បាស់ទៅកាន់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន។ កាលពីសប្តាហ៍មុន អង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក វាយប្រហារមូលដ្ឋានទ័ពក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដែលពួកគេនិយាយថា ប្រើដើម្បីបើកការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។
ដោយឡែក ក្នុងថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានប្រាប់សភាថា គោលដៅដែលបានគ្រោងទុកទាំង ១៣ រួមទាំងមូលដ្ឋានយន្តហោះដ្រូន និងមីស៊ីលរបស់ក្រុមហ៊ូទី ត្រូវបំផ្លាញដោយជោគជ័យ។ បើតាមលោក ស៊ូណាក់ និងលោក ខាំមឺរុន ការវាយប្រហារខាងលើ គឺត្រឹមត្រូវតាមច្បាប់ បើទោះបីជាមានការរិះគន់ពីអ៊ីរ៉ង់ និងរុស្ស៊ី ក៏ដូចជាតួកគីដែលជាសមាជិកអង្គការណាតូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



