តំណាងរាស្ត្រមណ្ឌលស្វាយរៀងអញ្ជើញជួបអ្នកចិញ្ចឹមសត្វជ្រូក ក្រោយផ្ទុះជំងឺជ្រូក នៅស្រុកកំពង់រោទិ៍

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌល ខេត្តស្វាយរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សា ខេត្ត ស្វាយរៀង,មន្រ្តីជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋានបានអញ្ជើញជួបសួរសុខទុក្ ប្រជាពលរដ្ឋដែលជាកសិករ ចិញ្ចឹមជ្រូកនៅ ឃុំសំឡីនិងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ជំនួបផ្ទាល់ នេះ បានកើតឡើងបន្ទាប់ពីមានផ្ទុះករណីជំងឺលើសត្វជ្រូក ចិញ្ចឹម របស់ពួកគាត់។

ក្នុងដំណើរទៅកាន់ទីនោះកាលពីថ្ងៃទី១៧ ខែមករា ឯកឧត្តម តំណាងរាស្រ្តបានស្តាប់ការរៀបរាប់របស់អ្នកចិញ្ចឹមជ្រូកនិង សេចក្តី រាយការណ៍ជុំវិញករណីជំងឺជ្រូកពីមន្រ្តីមូលដ្ឋាន និង អ្នកជំនាញ។ ឯកឧត្តមបានបង្ហាញនូវមនោសញ្ចេតនាចូលរួមសោក ស្ដាយ ចំពោះការផ្ទុះឡើងនូវជំងឺសត្វជ្រូកដែលធ្វើឱ្យសត្វជ្រូកងាប់អស់ជាច្រើនក្បាលនៅឃុំសំឡីនិងឃុំខ្សែត្រ។លោកថា ការបាត់បង់ សត្វចិញ្ចឹមដោយជំងឺនេះ ជាការខាតបង់មួយដ៏ច្រើនសម្រាប់អ្នក ចិញ្ចឹមក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរចិញ្ចឹមជ្រូកក៏ដូចជាចិញ្ចឹមសត្វផ្សេងៗទៀតត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញឱ្យបានល្អដើម្បីពង្រឹងការចិញ្ចឹមសត្វឱ្យបានទទួលជោគជ័យនិងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញចិញ្ចឹមសត្វឱ្យបានច្រើនថែមទៀតដើម្បីយកជំនាញទាំងនេះមកអនុវត្តឱ្យបានទទួលផលកាន់តែប្រសើរថែមទៀត។

អ្នកតំណាងរាស្រ្តរូបនេះបានក្រើនរំលឹកថា រាល់មានបញ្ហាសត្វឈឺ នៅក្នុងមូលដ្ឋានសូមរាយការណ៍ជាបន្ទាន់មកមន្ត្រី ជំនាញ មាន ពេទ្យសត្វភូមិ មេភូមិ អាជ្ញាធរ ឃុំ ស្រុក ដើម្បីដាក់មន្ត្រី ជំនាញចុះ ជួយ ព្យាបាលទាន់ពេលវេលា។រាល់មានសត្វងាប់កុំយកទៅ បរិភោគ ដែលអាចបង្កឱ្យមានការឆ្លងជំងឺដល់មនុស្ស។សត្វដែល ងាប់ត្រូវកប់ឱ្យបានម៉ត់ចត់ទុកឱ្យមន្ត្រីជំនាញស្រាវជ្រាវរកមូលហេតុនៃឆ្លងជំងឺ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ខេត្តស្វាយរៀងបានឱ្យដឹងថា នាចុងសប្តាហ៍ទី២ ខែមករា កន្លងទៅថ្មីៗនេះ មានករណីផ្ទុះឡើង នូវជំងឺលើសត្វជ្រូក ចំនួន ១៤៨ ក្បាល និងបណ្តាលឱ្យសត្វជ្រូកងាប់ចំនួន៧៨ ក្បាល របស់ កសិករនៅក្នុងឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ។

ប្រភពដដែលបន្តថា យោងតាមលទ្ធផលនៃការវិភាគ សំណាក ថ្ងៃទី១៦ ខែមករារបស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព សត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ សត្វជ្រូកឈឺ និងងាប់នៅតាមភូមិឃុំខាងលើ ពុំមានផ្ទុក នូវវីរុសជំងឺប៉េស្តជ្រូកអាហ្វិ្រក ឬ ជំងឺរាកកូនជ្រូក ដែលជាប្រភេទ ជំងឺឆ្លងកាចសាហាវ ធ្ងន់ធ្ងរគ្មានថ្នាំព្យាបាលនោះទេ។ ដោយឡែកផ្នែកតាមលទ្ធផលនៃការអង្កេតតាមដានជាក់ស្តែងនៅគ្រប់តំបន់ដែលកើតហេតុ និងតំបន់ដែលមានការសង្ស័យ របស់ មន្ត្រី ជំនាញ នៃមន្ទីរកសិកម្មនិងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន សុខភាព សត្វ និងផលិតកម្មស សត្វ គិតត្រឹមថ្ងៃទី១៥ ខែមករា សត្វជ្រូកនៅតំបន់ខាងលើពុំមានជំងឺប៉េស្តជ្រូក(CSF) និងជំងឺ ប៉េស្ត ជ្រូកអាហ្វ្រិក (ASF) ដែរ៕
ដោយ៖នុត នាង

ads banner