ស្ពានផ្លូវកង់នៅប្រាសាទតាកែវ បង្កើតភាពទាក់ទាញដល់ទេសចរ

សៀមរាប៖ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមការជិះកង់កម្សាន្តក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់នៅឆ្នាំ២០២០ដែលមានប្រវែងជាង២៣គីឡូម៉ែត្រ ។ក្នុងនោះក៏មានផ្លូវស្ពានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។ ក្នុងចំណោមស្ពានផ្លូវកង់ទាំង៤ ស្ពាននៅប្រាសាទតាកែវបានទទួលភាពទាក់ទាញខ្លាំងពីទេសចរ។

ប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាស្ពានផ្លូវកង់ប្រាសាទតាកែវ ដែលអាជ្ញាធរជាតិអប្សរាសាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅថ្ងៃទី១៦ ខែមករានេះថា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្តដែលប៉ះពាល់ដល់ថ្មប្រាសាទ។

ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។

សូមជម្រាបថា ពេញមួយឆ្នាំ២០២៣ គ្រឹះស្ថានអង្គរបានរកចំណូលពីការលក់សំបុត្រជូនអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ៣៧លានដុល្លារអាមេរិក ដោយមានកំណើនស្មើនឹងជាង២០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២៕
អត្ថបទៈស៊ាន សុផាត,រូបថតៈអាជ្ញាធរជាតិអប្សរា

ads banner