ក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា

(ស្វីស)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៃ ឱកាសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group បានបង្ហាញអំពីចំណាប់អារម្មណ៍ នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការ នៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេស។

លោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន Bühler Group ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាព នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Bühler Group ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នេះគឺនៅតែបន្តយកចិត្តទុកដាក់នៅក្នុងការផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស។

សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីកនិងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្ម ក្នុងបរិមាណច្រើន និងរយៈពេលយូរ ។

សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ដល់ផ្នែក ស្រាវជ្រាវ និងការអភិវឌ្ឍន៍ ។

សូមជម្រាបថា ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន អស់រយៈពេល ១៥០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន ១៤០ ជុំវិញពិភពលោក។ ក្រុមហ៊ុនបានផ្តោតសំខាន់លើ សន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ Bühler គឺជាក្រុមហ៊ុនដែលឈានមុខគេលើបច្ចេកវិទ្យារថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner