ប្រមុខថ្មីនៃទីភ្នាក់ងារឧតុនិយមពិភពលោក ទទូចឲ្យ ដោះស្រាយបញ្ហាឧស្ម័នផ្ទះកញ្ចក់

បរទេស៖ ប្រមុខថ្មីដែលជាស្ត្រីដំបូងផងរបស់ទីភ្នាក់ងារឧតុនិយមពិភពលោក នៃអង្គការសហប្រជាជាតិ បានទទូចឲ្យពិភពលោក ចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ខណៈដែលការកើនឡើងនៃសីតុណ្ហភាព គឺជាក្តីកង្វល់ដ៏ធំមួយ នាពេលបច្ចុប្បន្ននេះ។

លោកស្រី Celeste Saulo បាននិយាយថា មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាកបំផុតមួយបង្កឡើងដោយវិបត្តិឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែ យើងមិនទាន់បានធ្វើសកម្មភាពគ្រប់គ្រាន់នៅឡើយដើម្បីដោះស្រាយបញ្ហានេះ។នេះពិតជាការព្រួយបារម្ភ។

លោកស្រីបានថ្លែងបែបនេះ អំឡុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ខ្លួន ក្នុងនាមជាប្រធានថ្មីរបស់ទីភ្នាក់ងារឧតុនិយមពិភពលោក ហៅកាត់ WMO កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។

លោកស្រី បានផ្តល់ជាអនុសាសន៍ថា យើងត្រូវរួមគ្នាសង្កេតអំពីការវិវត្តន៍លើអវកាស និងផ្ទៃអវកាស ត្រូវបង្កើនល្បឿន កៀរគរធនធានសម្រាប់សកម្មភាពអាកាសធាតុ ដែលពេលនេះ យឺតយ៉ាវពេក និងមានលក្ខណៈការិយាធិបតេយ្យ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥ មានគោលដៅកំហិត ការឡើងកំដៅផែនដី ឲ្យនៅក្រោម ២អង្សាសេ ឬ ល្អបំផុត នៅត្រឹម ១,៥អង្សាសេ ធៀបនឹងកម្រិតមុនឧស្សាហកម្ម។

អង្គការ WMO បានបង្ហាញរបាយការណ៍ថ្មី កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា សីតុណ្ហភាពនៅលើពិភពលោក ជាមធ្យម ប្រចាំឆ្នាំ២០២៣ គឺ ១.៤៥ អង្សាសេ ធៀបនឹងកម្រិតមុនឧស្សាហកម្ម ដែលជាឆ្នាំក្តៅបំផុត នៅក្នុងកំណត់ត្រា។ ការណ៍នេះបានជំរុញឱ្យប្រទេសឧស្សាហកម្មធំៗកាន់បន្ថយការបញ្ចេញផ្សែងពុលបន្ថែមទៀតឱ្យបានឆាប់ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner