អាជ្ញាធរដែលស៊ើបអង្កេតលើការវាយប្រហារ «ស្ទូឌីយ៉ូទូរទស្សន៍» នៅប្រទេសអេក្វាទ័រ ត្រូវបានគេសម្លាប់
គីតូ៖ ក្រុមមន្ត្រីបាននិយាយថា លោករដ្ឋអាជ្ញាធរ Cesar Suarez ត្រូវបានគេបាញ់សម្លាប់ នៅថ្ងៃពុធ ទី១៨ ខែមករានេះ។ ជាឃាតកម្ម ក្នុងពេលដែលរូបលោកកំពុងស៊ើបអង្កេត លើករណីក្មេងទំនើងមួយក្រុម ដែលបានវាយប្រហារស្ទូឌីយ៉ូ ទូរទស្សន៍ កាលពីពេលថ្មីៗនេះ។ ជាការវាយប្រហារ បានកើតមានឡើង ស្របពេលដែលសង្គ្រាមបង្ហូរឈាម រវាងរដ្ឋាភិបាល និងក្រុមឧក្រិដ្ឋជនកំពុងបន្តកើនកម្តៅខ្លាំង។
តំណាងអយ្យការបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Cesar Suarez គឺជាអ្នកទទួលបន្ទុក ក្នុងការស្វែងរកក្រុមជនខិលខូច ដែលបានបំផុសគំនិត នាំឲ្យមានការវាយប្រហារលើទូរទស្សន៍ TC របស់រដ្ឋ កាលពីសប្តាហ៍មុន នៅក្នុងទីក្រុងកំពង់ផែ Guayaquil។ ដោយគេដឹងថា ក្រុមនេះមានពាក់អាវកាក់ ប្រដាប់ដោយកាំភ្លើង និងគ្រឿងផ្ទុះ អំឡុងបើកការវាយប្រហារ នាពេលនោះ។
ទីភ្នាក់ងារព័ត៌មាន AFP បានទទួលរូបភាពរថយន្ត របស់លោក Suarez ដោយក្នុងនោះ បង្ហាញថា បង្អួចនៅខាងអ្នកបើកបរ មានរន្ធគ្រាប់កាំភ្លើង ក្នុងពេលធ្វើដំណើរនៅតាមផ្លូវ ក្នុងទីក្រុង Guayaquil។ ក្រុងមួយនេះត្រូវបានគេដឹងថា ជាប្លុកជួញដូរ និង សង្គ្រាមគ្រឿងញៀន ដែលកំពុងកើនឡើងយ៉ាងខ្លាំង ក្នុងប្រទេសអេក្វាទ័រ។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអេក្វាទ័រ លោក Gian Carlo Loffredo បាននិយាយថា រដ្ឋាភិបាលច្រានចោល «គ្រប់ទម្រង់នៃអំពើហឹង្សា» ហើយលោកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះ ការជួយគាំទ្រ សហការជាមួយស្ថាប័ននានា ក្នុងការគ្រប់គ្រងយុត្តិធម៌។
ឃាតកម្មនេះបានកើតឡើងចំពេលមានការកើនឡើងនៃអំពើហិង្សា នៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។ គេដឹងថា ប្រទេសមួយនេះបានក្លាយជាមជ្ឈមណ្ឌល សម្រាប់ការនាំចេញកូកាអ៊ីន ទូទាំងពិភពលោក ពីប្រទេសជិតខាង កូឡុំប៊ី និងប៉េរូ។
រដ្ឋាភិបាល កាលពីសប្តាហ៍មុន បានប្រកាសសង្រ្គាមលើក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏មានឥទ្ធិពល ដែលបានគម្រាមប្រហារជីវិតជនស៊ីវិល និងកងកម្លាំងសន្តិសុខ និងបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ដែលបានបណ្តាលឲ្យមនុស្ស ប្រមាណ ២០នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត