បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង គឺជារបទថ្មី នៃប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាពកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋបារាំង កត់សម្គាល់នូវរបទថ្មី នៃប្រវត្តិសាស្ត្រកម្ពុជាក្រោយឆ្នាំ១៩៩៣ ជាពិសេសរយៈពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសកម្ពុជាបានយាងនឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការ ទៅកាន់ប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង រហូតដល់ទៅបីលើក គឺនៅចុងឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំងផងដែរ។ នៅពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំងផងដែរ។

បណ្ឌិត គិន ភា បានបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ វាដើរតួនាទីជាមូលដ្ឋានដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺបារាំង និងកម្ពុជា។ ដោយលោកកត់សម្គាល់ឃើញនូវ លទ្ធផលវិជ្ជមាន៥ចំណុច៖
១)ជាយុទ្ធសាស្ត្រ និងនយោបាយ គឺកម្ពុជាកំពុងបន្តដំណើរលើផ្លូវត្រូវក្នុងនយោបាយការទូតផ្កាចម្រុះពណ៌ដ៏រស់រវើក ហើយអាចលាងសម្អាតការចោទប្រកាន់កន្លងមកដែលអយុត្តិធម៌មកលើប្រទេសកម្ពុជាថា ប្រទេសកម្ពុជាហាក់ដូចជាមានការពឹងផ្អែកជ្រុលខ្លាំងតែទៅលើប្រទេសចិន។ ដំណើរទស្សនកិច្ចនេះកំពុងតែរំលេចឱ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកកំពុងតែធ្វើពីពិធកម្មការទូតប្រកបដោយភាពប៉ិនប្រសព្វ។
២)ជានយោបាយផ្ទៃក្នុង៖ ក្រោយការបោះឆ្នោតក្រុមដែលមាននិន្នាការប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងរដ្ឋាភិបាល គឺហាក់ដូចជាបង្ហាញថា រដ្ឋាភិបាលកម្ពុជាថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងមិនមានកិច្ចសហប្រតិបត្តិការពេញលេញ ឬក៏ធ្វើការបានស្រួលជាមួយនឹងរដ្ឋាភិបាលបស្ចិមលោកទេ។ លោកគិតថា ភាពមន្ទិលសង្ស័យទាំងអស់នេះនឹងត្រូវបានលុបបំបាត់ ដោយសារដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសបារាំង គឺបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការពេញលេញរវាងរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងរដ្ឋាភិបាលនៃបណ្តាប្រទែសបស្ចិមលោក ពីព្រោះបារាំង គឺជាឆ្អឹងដ៏សំខាន់របស់សហភាពអឺរ៉ុប។
៣)ដំណើរទស្សនកិច្ចនេះ គឺអាចពង្រួញនូវគន្លាតនៃទំនុកចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ គឺបារាំង-កម្ពុជា លើវិស័យមួយចំនួន ហើយប្រទេសទាំងពីរនឹងកាន់តែខិតជិតគ្នាកាន់តែយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរជាងមុន។ មួយវិញទៀតសង្ឃឹមថា បារាំងនឹងក្លាយជាច្រកទ្វារការទូត និងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាទៅកាន់បស្ចិមលោក។ ដំណើរទស្សនកិច្ចនេះ ក៏ជាសារដ៏វិជ្ជមានមួយទៅកាន់បណ្តាប្រទេសបស្ចិមលោកដែរថា កម្ពុជាប្រាថ្នាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសទាំងអស់ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
៤)ប្រទេសកម្ពុជា-បារាំង អាចប្រើប្រាស់ឱកាសនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហានឹងកង្វល់រួមដែលមានលក្ខណៈជាសកលដូចជា បញ្ហាបរិស្ថាន បញ្ហានៃការឡើងកំដៅភពផែនដី ការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង និងវិបត្តិមនុស្សធម៌អន្តរជាតិ ជាដើម។ល។
៥.ចំណុចចុងក្រោយនេះ គឺជាចំណុចសំខាន់ ដែលលោកគិតថា នឹងមានលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងមានវត្តមានកាត់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ ការផ្លាស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគីរវាងបារាំង និងកម្ពុជា ក៏ដូចជាក្របខណ្ឌពហុភាគី គឺកម្ពុជានិងសហភាពអឺរ៉ុប៕
ដោយ៖ពលជ័យ

ads banner