រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើន
(ភ្នំពេញ)៖ ក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធី ប្រគល់ ហាងជូនពាណិជ្ជកររបស់ក្រុមហ៊ុនចាង វាំង ខេមបូឌា រៀលអ៊ីស្ទេត អ៊ីនវេស មិន ឯ.ក នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែង ថា រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់ តែច្រើន បន្ថែមទៀត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងប្រទេស ជាតិ ។

ឯកឧត្តម នួន ផារ័ត្ន លើកឡើងថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិ កា រពាណិជ្ជកម្មនិងពិធីប្រគល់ហាងជូនពាណិជ្ជករ នាពេលនេះ គឺជាសក្ខីភាព មួយបង្ហាញអំពីផ្លែផ្កានិងមនុញ្ញភាពដែលទទួលបានពីភាពអំណោយផលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគនិយាយជារួម និងនិយាយដោយឡែក ភាពអំណោយផលនិងសក្ដានុពលនៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្ដង ។

ឯកឧត្តមអភិបាលរង បន្តទៀតថា នារយៈពេលកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសតាមរយៈយន្តការនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែ ផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញ ជាពិ សេស ការជំរុញឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផល កសិផល បន្ថែមទៀត ពីព្រោះការវិនិយោគផ្សារបោះដុំនេះ មិនត្រឹមតែអាចរួម ចំណែក ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគក្រៅ ស្រុក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយគាំទ្រដល់ពាណិជ្ជករនិងអាជីវករក្នុងស្រុក រួមចំណែកដល់ការលើកកម្ពស់យន្តការទីផ្សារសម្រាប់កសិផលរបស់កសិករផលិតបាន ហើយយកមកលក់នៅរាជធានីភ្នំពេញផងដែរ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំង សម្រាប់ការធ្វើពាណិជ្ជកម្មបោះដុំនៅរាជធានីភ្នំពេញ និងការចែកចាយ ទំនិញ ទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ខណៈផ្សារនេះមានទីតំាងស្ថិត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតក្នុងសង្កាត់គោរការ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

