សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរដ្ឋ និងរដ្ឋប្រទេសទាំងពីរកម្ពុជា-បារាំង ពិតជាមានសារៈសំខាន់ ខណៈទំនាក់ទំនងវិស័យឯកជន ក៏ចាំបាច់ផងដែរ
ប៉ារីស៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយឯកឧត្តមប្រធានាធិបតីបារាំង យើងពិភាក្សាគ្នាទៅលើកិច្ចការងារ ប្រធានបទដែលមានការចាប់អារម្មណ៍រួម ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរ នៅក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងក្របខណ្ឌសកលលោកផងដែរ។
សម្ដេចបន្តថា ទំនាក់ទំនងរដ្ឋ និងរដ្ឋប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ ហើយអ្វីដែលសំខាន់ និងចាំបាច់ផងដែរនោះ គឺទំនាក់ទំនងវិស័យឯកជន ដូចដែលឯកឧត្តមប្រធានាធិបតីបារាំងបានមានប្រសាសន៍។ ជាពិសេសលើវិស័យឯកជនទាំងពីរ ដែលយើងអាចប្រដូចឈាមក្រហមចិញ្ចឹមរាងកាយនៃទនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង។ យើងអាចនិយាយបាននូវមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជននៅក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់នៅលើគ្រប់វិស័យ។
សម្តេចធិបតី សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីបារាំង អាចឲ្យយើងបានជជែកគ្នានៅក្នុងកិច្ចការងារដែលត្រូវបន្តទៅទៀត នៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង ។
ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា ជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ៕
ប្រភព ៖ ទទក
ដោយ ៖ វណ្ណលុក

