ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា
បារាំង៖ ខណៈទទួលជួបជាមួយ លោកស្រី Sophie Viger នាយិកាសាលា Ecole 42 ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋ បារាំង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែង ស្វា គមន៍ ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ។
ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប សម្តែង ការគួរសម និងបានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការ សិក្សា ដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះ ដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ។
គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយ មិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និង ការជួយគ្នាទៅ វិញ ទៅមកនៅក្នុងការសិក្សារៀនសូត្រ ។ ដោយឡែក នៅកម្ពុជា សាលា Ecole 42 បាន និងកំពុងសហការជាមួយដៃគូក្នុងស្រុក ក្នុងការរៀបចំដំណើរការនៃកម្មវិធី បណ្តុះ បណ្តាលរបស់ខ្លួន។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបាន លើក ទឹក ចិត្តឱ្យសាលា ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅ ក្នុង ការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿន នៃបច្ចេកវិទ្យា ក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ នៅកម្ពុជា ៕
ដោយ ៖ វណ្ណលុក



