ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ២០នាក់ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ទទួលបានការអប់រំថែទាំសុខភាព និងអំណោយមនុស្សធម៌
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនតូចចំនួន ២០នាក់ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ដែលស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពី អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់, ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល, ការទទួលទានអាហារូបត្ថម្ភ បន្លែធម្មជាតិ ដើម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ, កុំបរិភោគផ្អែមពេក-ប្រៃពេក ដែលអាចបង្កជាជំងឺផ្សេងៗ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី», «ការពារប្រសើរជាងព្យាបាល» «ញាំអាហារជាថ្នាំ កុំញាំថ្នាំជាអាហារ» ជាដើម ។
ទន្ទឹមនឹងនេះ សូមក្មួយៗទៅសម្រាលកូននៅមណ្ឌលសុខភាព, បំបៅកូនដោយទឹកដោះម្តាយ ,បន្តពិនិត្យសុខភាពក្រោយពេលសម្រាល, ចាក់វ៉ាក់សាំង បង្ការដល់ទារក ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដើម។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ អាហារូបត្ថម្ភត្រឹមត្រូវ និងបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីជីវភាពគ្រួសារ។
លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ដែលបានយកអស់កម្លាំងកាយចិត្ត មើលថែទាំប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានៅក្នុងមណ្ឌល បានយ៉ាងល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវផងដែរ។
បន្ថែមពីសារអប់រំសុខភាពខាងលើនេះ ស្ត្រីជាមាតាទាំង ២០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ជួយសម្រាលការលំបាក ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករអាហារូបត្ថម្ភ ២គីឡូក្រាម ,ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា) ,កន្សែងពោះគោ ១, សាប៊ូដុសខ្លួន ២ដុំ និងថវិកា ៥ម៉ឺនរៀល ៕
ដោយ / គ្រី សម្បត្តិ





