ក្រុមឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារកប៉ាល់អាមេរិកជាថ្មី នៅឈូងសមុទ្រ Aden
បរទេស៖ ពួកសកម្មប្រយុទ្ធ Huthi បានឲ្យដឹង នៅថ្ងៃសុក្រ ទី១៩ ខែមករានេះថា កប៉ាល់របស់អាមេរិកមួយគ្រៀងទៀត ត្រូវបានវាយប្រហារ នៅឈូងសមុទ្រ Aden។ ពួក Huthi អះអាងថា នេះគឺជាវាយប្រហារថ្មីមួយទៀត ទៅលើនាវារបស់អាមេរិក ពោលគឺបន្ទាប់ពីអាមេរិកបើកការវាយប្រហារទៅលើពួកគេ ជាបន្តបន្ទាប់ នៅសមុទ្រក្រហម។
មួយរយៈចុងក្រោយនេះ ពួក Huthi តែងតែវាយប្រហារនាវារបស់អាមេរិក ឬ នាវាអ៊ីស្រាអែល ដែលឆ្លងកាត់សមុទ្រក្រហម ដោយសារពួកគេចង់បង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស-ប៉ាឡេស្ទីន ដែលកំពុងធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ ការណ៍នេះហើយ ដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង់គ្លេស តាមសង្កេតគោលដៅរបស់ក្រុមនេះ ហើយធ្វើការវាយប្រហារតែម្តង។
ពួក Huthi ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន ត្រូវបានគេដឹងថា មានអ៊ីរ៉ង់ នៅគាំទ្រពីក្រោយ។ ក្រុមនេះទើបបានអះអាងថា នាព្រឹកថ្ងៃសុក្រនេះ ពួកគេបានវាយប្រហារ ទៅលើនាវាពាណិជ្ជកម្មមួយគ្រឿងទៀត នៅឈូងសមុទ្រ Aden។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលបង្ហោះនៅលើបណ្តាញសង្គម ក្រុមឧទ្ទាម Huthi
បាននិយាយថា «កងកម្លាំងជើងទឹករបស់យើង បានធ្វើប្រតិបត្តិការកំណត់គោលដៅ ប្រឆាំងនឹងនាវាអាមេរិកមួយគ្រឿងទៀត ឈ្មោះថា Chem Ranger»។
ប្រភពបន្តថា «ការវាយប្រហារនេះ តាមរយៈការបាញ់កាំជ្រួចជាច្រើន ដែលបណ្តាលឱ្យមានការប៉ះទង្គិច ដោយផ្ទាល់» ។
យ៉ាងណាមិញ ក្រុមនេះមិនបានផ្តល់ពេលវេលា ឬព័ត៌មានលម្អិតផ្សេងទៀត ទាក់ទិននឹងការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងផ្លូវដឹកជញ្ជូនអន្តរជាតិមួយនេះទេ។ ក៏មិនមានរបាយការណ៍ណាមួយ ដែលបង្ហាញពីការរងរបួសមនុស្ស ឬការខូចខាត ដល់កប៉ាល់នោះដែរ។
ជាមួយគ្នានេះ យោធាអាមេរិក ក្រោយមក បាននិយាយថា មីស៊ីលរបស់ក្រុមនេះបាញ់មិនចំគោលដៅទេ។ រីឯ គេហទំព័រ Marine Traffic បានឲ្យដឹងថា នាវា Chem Ranger គឺជាកប៉ាល់ផ្ទុកសារធាតុគីមី ដែលធ្វើដំណើរពីទីក្រុង Jeddah ប្រទេសអារ៉ាប៊ី សាអូឌីត ទៅកាន់ប្រទេសគុយវ៉ែត។
រីឯ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស ហៅកាត់ថា UKMTO បានរាយការណ៍ពីឧប្បត្តិហេតុមួយ នៅក្នុងតំបន់នេះដូចគ្នា ដោយបានជូនដំណឹងថា «នាវា និងនាវិកមានសុវត្ថិភាព ហើយនាវាកំពុងបន្តទៅកំពង់ផែ បន្ទាប់មួយទៀត» ។ ក៏ប៉ុន្តែទីភ្នាក់ងារនេះមិនបញ្ចេញឈ្មោះនាវា ដែលជួបញ្ហានោះទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត