កូរ៉េខាងជើងអះអាងពីការធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក

តូក្យូ៖ កូរ៉េខាងជើង នៅថ្ងៃសុក្រទី១៩ ខែមករានេះ បានអះអាងពីការធ្វើតេស្ត “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធជើងទឹករួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន។

ក្រសួងការពារជាតិកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធត្រីភាគី រវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បាន “គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ” របស់កូរ៉េខាងជើង ដូច្នេះជាការឆ្លើយតប ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដ៏សំខាន់មួយ នៃប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន មានឈ្មោះថា ‘Haeil-5-23″ ដែលកំពុងត្រូវបានអភិវឌ្ឍនៅសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍នេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទើបកើតមានគ្រោះរញ្ជួយដីកម្រិត ២,៤រ៉ិចទ័រ ស្ថិតនៅភាគពាយ័ព្យនៃទីក្រុងគីលជូ ដែលជាទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា ស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែឡើងកម្តៅ ចំពេលមានភាពតានតឹងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ក្រោយការបាញ់តេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាបន្តបន្ទាប់ ដោយកូរ៉េខាងជើង និងការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងទៅដាក់ក្នុងទីអវកាស។ ជាពិសេស ការពង្រឹងសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលបង្កឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីមានការព្រួយបារម្ភជាខ្លាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner