ក្រុមហ៊ុន Axiom ចាប់ផ្តើមបេសសកម្មលើកទី៣ ក្នុងការបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS

វ៉ាស៊ីនតោន៖ អវកាយានិកអឺរ៉ុបមួយក្រុម រួមទាំងអវកាសយានិកដំបូងមកពីតួកគី នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS រៀបចំដោយក្រុមហ៊ុន Axiom Space ខណៈដែលប្រទេសជាច្រើនកំពុងពឹងពាក់វិស័យឯកជនកាន់តែខ្លាំងឡើង ដើម្បីបំពេញមហិច្ឆតារបស់ពួកគេនៅទីអវកាស។

យានអវកាស SpaceX Crew Dragon ផ្ទុកគ្រាប់រ៉ុក្តែត Falcon 9 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា នៅម៉ោង ៤និង៤៩នាទីល្ងាច (ម៉ោងក្នុងស្រុក) ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយគួរតែទៅដល់គោលដៅរបស់វា នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមករានេះ។

នាយកផ្នែកស្រាវជ្រាវមនុស្សយន្ត និងមនុស្សរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប លោក Daniel Neuenschwander បាននិយាយយ៉ាងដូច្នេះថា ខ្ញុំពិតជារំភើបណាស់ ពីព្រោះបេសសកម្មនេះ នឹងអនុញ្ញាតឱ្យយើងសិក្សាស្រាវជ្រាវនៅទីអវកាសបានកាន់តែច្រើន ហើយអនុញ្ញាតឱ្យយើងបម្រើរដ្ឋជាសមាជិក នៃទីភ្នាក់ងារអវកាសអឺរ៉ុបបានកាន់តែច្រើនផងដែរ។

បេសសកម្មអវកាស Axiom Mission 3 ឬ (Ax-3) គឺជាការបាញ់បង្ហោះយានអវកាសលើកទី៣ របស់ក្រុមហ៊ុន Axiom Space ទៅកាន់មន្ទីរពិសោធន៍អវកាស និងជាលើកដំបូង ដែលកៅអីអង្គុយចំនួនបីរបស់អវកាសយានិក ត្រូវបានទិញដោយភ្នាក់ងារជាតិ មិនមែនជាបុគ្គលមានទ្រព្យសម្បត្តិ។

ការចំណាយពិតប្រាកដមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៨ គេដឹងថា កៅអីរបស់អវកាសយានិកម្នាក់ មានតម្លៃរហូតដល់ ៥៥លានដុល្លារ។ គេហទំព័រ spacenews.com បានរាយការណ៍ថា ប្រទេសហុងគ្រីថ្មីៗនេះ កំពុងរៀបចំផែនការលើកិច្ចព្រមព្រៀងតម្លៃ ១០០លានដុល្លារ ជាមួយក្រុមហ៊ុន Axiom សម្រាប់បេសកកម្មនាពេលអនាគត ដែលពាក់ព័ន្ធនឹងអវកាសយានិកម្នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner