មន្រ្តីក្រសួងវប្បធម៌ ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាខ្មែរ គ្រូបង្រៀន គឺអ្នកជំនាញចាស់ៗ តាមមូលដ្ឋាន និងគ្រោងទទួលសិស្ស ៣០០នាក់
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាខ្មែរ មិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ដល់សិស្សចំនួន ៣០០នាក់ ក្រសួងគ្រោងនឹងបើកលើកដំបូងចាប់ពី ខែកុម្ភៈ ខាងមុខនេះ នឹងត្រូវបង្ហាត់បង្រៀន ដោយផ្ទាល់ពីគ្រូអ្នកជំនាញចាស់ៗតាមមូលដ្ឋាន ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ ខាងមុខនេះតទៅ នៅទីតាំងចំនួន ១៣ ក្នុង ៨ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រតនគិរី កំពង់ចាម និងខេត្តកណ្ដាល ។
សម្រាប់មុខជំនាញដែលគ្រោងនឹងបណ្តុះបណ្តាលនោះ រួមមាន ឌុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, កម្បាញក្រមាក្រំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្មិត។
ក្រសួងបានឱ្យដឹងដែរថា ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នៅក្នុង ប្រទេសកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០ រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ ។ អ្នកដែលមានបំណងចង់សិក្សាវិជ្ជាជីវៈត្រូវរួសរាន់ចុះឈ្មោះចូលរៀន ដ្បិតកន្លែងសិក្សាមានកំណត់ ។ ពិសេសយុរជនដែលមានបំណង ចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនកា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ: ០១៧ ៤៣១ ៣០២/ ០៨៨ ៨៥៣ ៥៦៣៦ ,០៩៦ ៥២២ ៧៣៦៩,តេឡេក្រាម: ០១៧ ៤៣ ១៣ ០២និងអីម៉ែល : tstmcfa@gmail.com។
ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា៖”ការបណ្តុះបណ្តាលមុខជំនាញដូនតាខ្មែរយើងនេះគឺដើម្បីលើកស្ទួយវប្បធម៌យើងជំនាន់មុន ឱ្យកូនខ្មែរបានចេះ ហើយអាចប្រកបមុខរបរនេះយូរអង្វែងទៅថ្ងៃខាងមុខទៀត ។ ការបណ្តុះបណ្តាលនេះជាគម្រោងសាកល្បងលើកទី១ ដោយការបណ្តុះបណ្តាលនេះធ្វើឡើងតាមមូលដ្ឋានដើម្បីឱ្យកូនខ្មែរមានជំនាញច្បាស់លាស់” ។
ឯកឧត្តមបានលើកឡើងឱ្យដឹងបន្ថែមថា៖សម្រាប់វគ្គទី១ ដែលជាគម្រោងសាកល្បងនឹងធ្វើឡើងចំនួន ១៣ទីតាំង លើមុខជំនាញចំនួន ១១ ។ សម្រាប់គ្រូបង្រៀន គឺអ្នកជំនាញចាស់ៗ តាមមូលដ្ឋានដែលគាត់បានរៀនចេះជំនាញនេះតាំងតែពីដូនតាមក ។ ការបង្រៀនគឺធ្វើឡើងតាមផ្ទះគ្រូបង្រៀនផ្ទាល់ដោយក្នុងនេះមួយវគ្គៗមិនលើស ១៥នាក់ទេ។ យើងនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់(គ្រូបង្រៀន)” ៕
ដោយ ៖ ម៉ាដេប៉ូ






