ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ៖ ផ្លូវប្របមាត់សមុទ្រ សម្រេចការស្ថាបនារបស់ខ្លួន ប្រមាណ ៩៥%
កែប៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង ១២គ.ម ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួនក្នុងលទ្ធផលប្រមាណ៩៥%ហើយ បើតាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។
នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលលោកអញ្ជើញចុះទៅពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ។
ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ទើបយើងទទួលបានសមិទ្ធផលថ្មីដូចពេលនេះ ហើយបច្ចប្បន្នយើងឃើញថា ការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លវូថ្មើរជើង និងជិះកង់ក៏ជិតរួចរាល់ហើយដែរ ។
ឯកឧត្តមបានបន្ថែមថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយទូទាំងរាជធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ខេត្តបានលេចចេញនូវសមិទ្ធផលធំៗជាច្រើន ដែលសមិទ្ធផលទាំងនោះ បានរួមចំណែកទាញចំណូលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋយើង៕
ដោយ ៖ សិលា សារិន





