មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ គោលនយោបាយអាទិភាពទី៥ និងទី៦ ពិតជាសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យកសិកម្ម
ភ្នំពេញ៖ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍ពីលទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានតាមរយៈ ការដាក់ទិសដៅក្នុងការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ ការស្រាវជ្រាវ និងកែលម្អពូជ ការទប់ស្កាត់បទល្មើសចរាចរណ៍សត្វ ការការពារជំងឺឆ្លង និងច្បាប់អនុញ្ញាតសត្តឃាតដ្ឋាន ក្នុងវិស័យចិញ្ចឹមសត្វ អោយមានគុណភាព ប្រសិទ្ធិភាព អនាម័យ និងសុវត្ថិភាព។
លោកជំទាវ ហោ ម៉ាលីន បានគូសបញ្ជាក់ថា ជាគោលនយោបាយគឺត្រូវធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ហើយកិច្ចប្រជុំខាងលើនេះ ក៏ដូចជាការឆ្លើយតបទៅនឹងនិន្នាការសង្គម សេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិ ពាក់ព័ន្ធ និងផលិតកម្មសត្វ ការផ្ទុះជំងឺសត្វនិងសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្មសត្វ ដែលជះឥទ្ធិពលដល់សន្តិសុខស្បៀង ក្នុងបរិបទនៃសាកលភាវូបនីយ កម្ម។
លោកជំទាវ បានបញ្ជាក់បន្ថែមថា គោលនយោបាយអាទិភាពទី៥ និងទី៦ ពិតជាសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើបដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមភាពជាដៃគូសម្រាប់អភិវឌ្ឍកសិកម្ម និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមរបស់កសិករ ហើយធ្វើការឆ្លើយតបឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ។
លោកជំទាវ បានបន្ថែមថាប្រជាជនមានការកើនឡើងជាលំដាប់ ហើយសុវត្ថិភាពសាច់ និងផលិតផលសត្វ គឺជាគោលដៅចំបងរបស់អនុវិស័យសត្វផងដែរ ដោយផ្តោតចាប់ពីកសិដ្ឋាន រហូតដល់លើតុ ។
លោកជំទាវ បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តការងារស្រាវជ្រាវ និងបន្តខិតខំរៀបចំបទដ្ឋានក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វបន្ថែមទៀត ជំរុញការចិញ្ចឹមសត្វ និងការនាំចេញជាលក្ខណៈពាណិជ្ជកម្ម ពង្រឹងសេវាផ្សព្វផ្សាយពីការអនុវត្តការចិញ្ចឹមសត្វល្អ (GAHP) និងបង្កើនការត្រួតពិនិត្យជំងឺឆ្លងសត្វ ដែលជាបញ្ហាប្រឈមខ្ពស់ ដល់ផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ៕
ប្រភព ៖ ក្រសួងកសិកម្ម





