ឯកឧត្តម ប៉ុន សុខ៖ កីឡាករ កីឡាការិនី សិស្សបឋមសិក្សា នឹងក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសមត្ថភាព ស្របតាមទេពកោសល្យ

ភ្នំពេញ៖ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បើកកិច្ចប្រជុំជាមួយនាយបេសកកម្មលើកទី១ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមន្ទីរអប់រំយុវជន និងកីឡា រាជថាណី-ខេត្ត រួមសហព័ន្ធជាតិ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ ក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង បំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា កីឡាករ កីឡាការិនី ជាសិស្សបឋមសិក្សាអាចនឹងក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសមត្ថភាព ស្របតាមទេពកោសល្យដែលខ្លួនមាន ព្រមទាំងអាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត ហើយការប្រកួតកីឡានេះតម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសជាតិយើង និងបានណែនាំឲ្យប្រតិភូកីឡាគ្រប់រាជធានី ខេត្តទាំង២៥ ដែលត្រៀមចូលរួមត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងផលិតបានធនធានថ្នាលបន្តវេនឲ្យកាន់កាន់តែប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ មាន១២ ប្រភេទកីឡា មានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ-WT តេក្វាន់ដូ-ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងគុនដាវ ប្រកួតលើ វិញ្ញាសាសរុបចំនួន ៦៥ វិញ្ញាសា មេដាយសរុបចំនួន ៥៦៧គ្រឿង៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner