ឯកឧត្តម អ៊ាង សុផល្លែត ជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា និងក្រុមការងារចុះជួយមូលដ្ឋានស្រុកអូររាំងឪ
ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ នាសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមការងារពង្រឹងមូលដ្ឋាន សមាជិក-សមាជិកាជាច្រើននាក់។
លោកងួន ប៊ុណ្ណាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ បានធ្វើរបាយការណ៍ពាក់ព័ន្ឋទៅនឹងការងារសន្តិសុខ សុវត្ថិភាពនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមានជីវភាពរីកចំរើនអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
បន្ទាប់ពីមានការលើកឡើងពីការរីកចំរើន បញ្ហាប្រឈម ការដោះស្រាយ និងផែនការអភិវឌ្ឍន៍មូលដ្ឋាន ពីគណៈពង្រឹងឃុំនីមួយៗ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងនូវការសោតសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៅតាមមូលដ្ឋានទាំអងស់មានការសហការគ្នាដោះស្រាយ នឹងឆ្លើយតបបញ្ហាការប៉ះពាល់ជំងឺប៉េស្តជ្រូកអាហ្រ្វិក និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ផ្តល់ជំនឿជឿជាក់និងទំនុកចិត្ត ជាពិសេសការរស់នៅសុខសាន្តរបស់ពួកគាត់ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមការងារ បានផ្តាំផ្ញើរដល់សមាជិក-សមាជិកាទាំងអស់ សូមយកចិត្តអោយបានខ្ពស់ចំពោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបាននឹងកំពុងប៉ះពាល់នៅក្នុងស្រុកអូររាំងឪ ដើម្បីការពារសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បន្តការឆ្លើយតប និងទប់ស្កាត់ការរីករាលដាលទៅតំបន់ផ្សេង។
ក្នុងនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានក្រើនរំលឹកដល់សមាជិក-សមាជិកកាគ្រប់លំដាប់ថ្នាក់ រក្សាសាមគ្គីភាពផ្ទៃក្នុង និងរួបរួមសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាជននៅក្នុងមូលដ្ឋានយើង និងបុព្វហេតុជាតិ និងលុបបំបាត់រាល់ភាពអសកម្មផ្សេងៗ ជាពិសេសការកាត់បន្ថយភាពក្រីក្រ ការលប់បំបាត់ឧក្រិដ្ឋកម្មផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ប្រែក្លាយស្រុកអូររាំងឪឱ្យមានការអភិវឌ្ឍដោយចីរភាព ៕













