អភិបាលរាជធានីនាំទៀនវស្សា ប្រេងកាត បច្ច័យនិងទេយ្យ ប្រគេនដល់ព្រះសង្ឃចំនួន១៥០ វត្ត ទូទាំងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី, រួមជាមួយមន្ត្រីក្រោមឱវាទនិងអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទៀនវស្សា ប្រេងកាត អង្ករ បច្ច័យនិងទេយ្យវត្ត មួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១០៥វត្ត ទូទាំងរាជធានីភ្នំពេញ នៅក្នុងវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ទៀនវស្សា ប្រេងកាតនិងទេយ្យវត្តមួយចំនួន ដែលបានប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១០៥វត្តនេះ ក្នុងមួយវត្តៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។

ក្នុងនោះ លោកអភិបាលរាជធានី ក៏បានផ្តល់អំណោយដល់យាយជីតាជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រណាត់ស១ដុំ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។

ពាក់ព័ន្ធនឹងបុណ្យចូលកាន់ព្រះវស្សា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣ខែ ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ។
បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញមានវត្តចំនួន១៥០វត្ត មានព្រះសង្ឃជាង៨២៤៩អង្គទាំងមហានិកាយ និងធម្មយុត្តិកនិកាយ។

សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner