ឯ,ឧ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ ថ្លែងថា អំឡុងពេលនៃការចូលព្រះវស្សា តាមទម្លាប់ពុទ្ធបរិស័ទ តែងនាំយកនូវទេយ្យទាន និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងរដូវនេះ
ស្វាយរៀង៖ ក្នុងឱកាសនៃពិធីបុណ្យចូលកាន់ព្រះវស្សាជិតចូលមកដល់ នៅពេលដ៏ឆាប់ៗខាងមុខនេះ ឯ,ឧ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ មេបញ្ជារការរងបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ រួមទាំងសហការី និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃរំដួលជាច្រើនទៀត បាននាំយកទៀនព្រះវស្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន រួមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ឆ័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រៃរំដួល ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។
ឯ,ឧ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែល មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ ទ្រង់មានព្រះបំណងចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
ឯ,ឧ បានបន្ដថា តាមទម្លាប់ពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទានដូចជា បច្ច័យ អង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។
ជាមួយគ្នានេះ ឯ,ឧ សុខ សុវណ្ណ ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិយើងឲ្យបានរីកចម្រើនជាលំដាប់ ។
ព្រះចៅអធិកាវត្តព្រៃរំដួល ក្នុងនាមព្រះសង្ឃ គណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំនុះជើងវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯ,ឧ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ និងលោកជំទាវ រួមទាំងសហការី ដែលបាននាំយកអំណោយ មកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ ។ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ និងសិក្សារៀនសូត្រធម៌ក្នុងរដូវចូលព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមា តាមពុទ្ធានុញ្ញាតិ ។
ឆ្លៀតក្នុងឱកាសនោះ ឯ,ឧ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ មេបញ្ជារការរងបញ្ជារការដ្ឋានអង្គរក្ស និងលោកជំទាវ រួមទាំងសហការី បានវេរប្រគេនទៀនវស្សារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១គូ, អង្ករចំនួន ៥០គីឡូក្រាម ត្រីខ១កេះធំ មី១កេសធំ ភេសជ្ជៈ៣កេស អូវ៉ាន់ទីន១កេស ទឹកដោះគោ១កេសធំ ទឹកស៊ីអ៊ីវ ប្រេងឆា ស្កសរ ឆៃពៅ ប៊ីចេង តែ អំបិល ខ្ទឹមស សៀង ម្រេច ប្រេងម៉ាស៊ូត៣០លីត រួមនឹងបច្ឆ័យដល់វត្តព្រៃរំដួលចំនួន១លានរៀល ក្នុងនោះឯ,ឧ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ និងលោកជំទាវ បានប្រគេនព្រះសង្ឃ១០អង្គ ក្នុង១អង្គបច្ច័យ២ម៉ឺនរៀល និងស្លាដក់១ សម្រាប់ផ្គត់ផ្គង់ជីវភាពព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សានេះ និងបានជូនសារុងដល់លោកយាយ និងជូនក្រមាដល់លោកតា ជិត២០០នាក់ រួមនឹងថវិកា១ម៉ឺនរៀលផងដែរ ៕









