អ៊ីរ៉ង់បញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយជោគជ័យ

តេហេរ៉ង់៖ រដ្ឋមន្ត្រីអ៊ីរ៉ង់មួយរូបនិយាយថា នៅថ្ងៃសៅរ៍សប្តាហ៍មុន ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវមួយទៅកាន់ទីអវកាស ដោយដាក់វាចូលទៅក្នុងគន្លងតារាវិថីកាន់តែឆ្ងាយ បើទោះបីជាត្រូវប្រឈមមុខនឹងការរិះគន់ពីប្រទេសលោកខាងលិច។

រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍អ៊ីរ៉ង់ លោក Issa Zarepour និយាយថា ផ្កាយរណបមានទម្ងន់ប្រហែល ៥០គីឡូក្រាម ត្រូវបានបញ្ជូនទៅក្នុងគន្លងតារាវិថីចម្ងាយ ៧៥០គីឡូម៉ែត្រពីលើផែនដី តាមរយៈរ៉ុក្កែត Ghaem-100 ដែលផលិតដោយអង្គការអវកាសនៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល។

ប្រទេសអ៊ីរ៉ង់និយាយថា ការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិល ឬការពារប៉ុណ្ណោះ ហើយបដិសេធនូវមហិច្ឆតាណាមួយ ក្នុងការអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA រាយការណ៍ថា ផ្កាយរណប Soraya របស់អង្គការអវកាសអ៊ីរ៉ង់ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ តាមរយៈផ្កាយរណប Ghaem-100 នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម។ នេះជាលើកដំបូងហើយ ដែលអ៊ីរ៉ង់ជោគជ័យ ក្នុងការបញ្ជូនផ្កាយរណបទៅក្នុងគន្លងតារាវិថី ដែលមានកម្ពស់ឆ្ងាយជាង ៥០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្រមានអ៊ីរ៉ង់ម្តងហើយម្តងទៀត ប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបបែបនេះ ដោយនិយាយថា បច្ចេកវិទ្យាដូចគ្នានេះអាចត្រូវបានប្រើប្រាស់សម្រាប់មីស៊ីលផ្លោង រួមទាំងឧបករណ៍ដែលរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner