តៃវ៉ាន់ប្រទះឃើញបាឡុងចិនចំនួន ៦គ្រឿងទៀត

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ខ្លួនប្រទះឃើញបាឡុងរបស់ចិនចំនួន ៦គ្រឿងទៀត ដែលហោះហើរលើច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃអាទិត្យទី២១ ខែមករានេះ ដែលមួយក្នុងចំណោមនោះ បានឆ្លងកាត់ពីលើកោះនេះតែម្តង។

ផែនទីមួយចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា បាឡុងចំនួន ៥គ្រឿងត្រូវបានគេប្រទះឃើញនៅក្បែរឆ្នេរសមុទ្រភាគខាងជើងនៃទីក្រុងKeelung ខណៈបាឡុងមួយគ្រឿងទៀតបានហោះហើរលើកោះ ក្បែរស្រុកPingtung ភាគខាងត្បូង។
បាឡុងទាំងអស់ដែលត្រូវបានគេប្រទះឃើញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺនៅរយៈកម្ពស់ពី ៤,៥គីឡូម៉ែត្រ ទៅ ៥,១គីឡូម៉ែត្រ។

នេះជាចំនួនដ៏ខ្ពស់បំផុត ដែលត្រូវបានគេប្រទះឃើញ ចាប់តាំងពីក្រសួងការពារជាតិតៃវ៉ាន់ ចាប់ផ្តើមចេញផ្សាយជាទៀងទាត់នូវទិន្នន័យ ស្តីពីការមើលឃើញបាឡុងរបស់ចិននៅក្នុងខែធ្នូ។ ក្នុងរយៈពេលប្រមាណជា១ខែចុងក្រោយនេះ តៃវ៉ាន់បានប្រទះឃើញបាឡុងចិនជាបន្តបន្ទាប់ នៅក្បែរដែនកោះខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់កន្លងមក បានចោទប្រកាន់ថា ចិនកំពុងតែគំរាមកំហែងដល់សុវត្ថិភាពចរាចរណ៍ផ្លូវអាកាស និងធ្វើសង្រ្គាមចិត្តសាស្រ្តមកលើប្រជាជនតៃវ៉ាន់ តាមរយៈបាឡុងទាំងនោះ។

ការប្រទះឃើញបាឡុងរបស់ចិនចុងក្រោយនេះ កើតឡើងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងខែមករានេះ ហើយជ័យជំនះបានធ្លាក់លើលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ដែលទីក្រុងប៉េកាំងចាត់ទុកថា ជា “អ្នកបំបែកខ្លួន”។ ប្រទេសចិនក៏បានព្រមានមុនការបោះឆ្នោតនេះដែរថា ការឈ្នះរបស់លោក Lai នឹងនាំមកនូវ “សង្គ្រាម និងភាពវឹកវរ” ដល់កោះតៃវ៉ាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner