គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល មានគោលដៅ ធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាព និង ការ អភិវឌ្ឍជាតិប្រកបដោយចេរភាព
ភ្នំពេញ៖ យោងតាមសារលិខិតជូនពរចំពោះ នាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួប អនុស្សាវ រីយ៍លើកទី២៥ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលដៅដ៏សំខាន់ពីរ នៃគោល នយោ បាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការ អភិវឌ្ឍជាតិ ប្រកបដោយចេរភាព។
សម្តេចធិបតី បានបន្តថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោល នយោ បាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិ ទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍ សមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវ តែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមាន ប្រសិទ្ធភាព និងធ្វើយ៉ាងណាកសាងពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹង ប្រៀបការពារជាតិរឹងមាំ។
ក្នុងសារលិខិតនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវការគាំទ្រ និងនៅ តែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយ ជីវភាព ថវិការបបឧបត្ថម្ភ ផ្សេងៗ និងការបំពាក់សម្ភារៈស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់ នូវកិត្តិយស និងការគោរពដោយសេចក្ដីថ្លៃថ្នូរចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យ ជាការតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តមរបស់កង យោធ ពលខេមរភូមិន្ទកម្ពុជា ៕
ដោយ ៖ វណ្ណលុក

