ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្នើឲ្យសហព័ន្ធ ប្រឹងប្រែងពង្រឹងសមត្ថភាព បង្កើនការហ្វឹកហាត់ ការបណ្ដុះបណ្ដាល និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសម្ព័ន្ធ-ក្លិប

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា និងមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងគណៈកម្មការធិការជាតិកីឡាអូឡាំពិក សមាជិកគណៈកម្មាធិការប្រតិបត្តិ សមជិកសហព័ន្ធ លោកគ្រូអ្នកគ្រូបង្វឹក តំណាងសម្ព័ន្ធ ក្លិប មកពីបណ្ដារាជធានី ខេត្ត និងកីឡាករ កីឡាការិនីសរុប ៨៥នាក់ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍គាំទ្រ និងឯកភាពនូវការដាក់ទិសដៅអាទិភាពរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងបានមានប្រសាសន៍ផ្ដាំផ្ញើដល់ គ្រួសារសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព បង្កើនការហ្វឹកហាត់ ការបណ្ដុះបណ្ដាល និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសម្ព័ន្ធ-ក្លិប ក៏ដូចជាពង្រឹងចំណងទំនាក់ទំនង ក្នុងតំបន់ និងអន្តរជាតិមានជាអាទិ៍ការចុះអនុស្សរណៈយោគយល់គ្នា លើកការពង្រឹងវិស័យកីឡាប៊ូល និង ប៉េតង់ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កីឡាប៊ូល និប៉េតង់ ជាកីឡាមួយដែលមាន ប្រជាប្រិយភាពនិងងាយស្រួលក្នុងទាក់ទាញយុវជន មហាជនឱ្យលេងកីឡានេះ។

ឯកឧត្ដម សុខ សូកាន បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលតែងតែបន្តគាំទ្រសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទាំងធនធាន ប្រាជ្ញាស្មារតី និងវេលាដ៏មានតម្លៃ និងនៅជាគ្រឹះដ៏រឹងមាំរបស់សហព័ន្ធ កីឡាប៊ូលនិងប៉េតង់កម្ពុជា ដើម្បីជំរុញឱ្យវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួមនិង និយាយដោយឡែក កីឡាប៊ូល និងប៉េតង់ បាននិងកំពុងឆ្ពោះ ទៅរកភាពរីកចម្រើន និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ។ បន្ថែមពីនេះឯកឧត្ដម ក៏ថ្លែងអំណរគុណដល់វិស័យ ឯកជនដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ការរៀបចំការប្រកួតនានារបស់សហព័ន្ធ ដែលកន្លងមក ។

គួររំលឹកផងដែរថា សមិទ្ធិផលជោគជ័យកន្លងមក របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺពិតជាធ្វើឱ្យយើងទាំងអស់គ្នាមិនអាចភ្លេចបាននូវគុណូបការៈរបស់ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងនោះគឺ សម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធាននិងជាស្ថាបនិក និងសម្តេចក្រឡាហោម ស ខេង អតីតប្រធាននិងជាអតីតប្រធានកិត្តិយស និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អតីតប្រធាននិងបច្ចុប្បន្នជាប្រធានកិត្តិយស ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតជាច្រើនរូប រួមគ្នាផ្តួចផ្តើមគំនិត និងជ្រោមជ្រែងក្នុងការបង្កើតសហព័ន្ធនេះ។ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមេដាយកសរុបចំនួន ៤១៣គ្រឿង (មាស ១១៧គ្រឿង ប្រាក់ ១៤៥គ្រឿង និងសំរិទ្ធ ១៥១គ្រឿង)៕

អត្ថបទ-ចាន់ វិចិត្រ រូបភាព- ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner