មនុស្សជាងមួយលានបួនសែននាក់ ធ្វើបាតុកម្ម ជំទាស់នឹងផែនការនិរទេសដ៏ធំមួយ នៅប្រទេសអាល្លឺម៉ង់

បែរឡាំង៖ អ្នករៀបចំបាតុកម្មបានឲ្យដឹងថា នៅទូទាំងប្រទេសអាល្លឺម៉ង់ មានផ្ទុះបាតុកម្ម ប្រឆាំងនឹងគណបក្សស្តានិយមដ៏មានប្រជាប្រិយភាព ហៅកាត់ថា «AFD» ពោលគឺបន្ទាប់ពីលេចចេញព័ត៌មានដែលថា មានការពិភាក្សា អំពីផែនការនិរទេសដ៏ធំមួយ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍។

បណ្តាញរៀបចំបាតុកម្ម ឈ្មោះថា Campact និងក្រុមយុទ្ធនាការ Fridays for Future បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍រួមថា «គ្រាន់តែក្នុងថ្ងៃអាទិត្យ មានផ្ទុះបាតុកម្មតវ៉ា នៅឯទីក្រុងប្រមាណ ៤០ ក្នុងសញ្ញាច្បាស់លាស់មួយប្រឆាំងនឹង គណបក្ស AFD និង ជំទាស់នឹងការងាកទៅស្តាំជ្រុល នៅក្នុងសង្គមអាល្លឺម៉ង់»។

ពួកគេបានបន្តថា នៅចន្លោះពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ មានបាតុកម្ម រហូតដល់ទៅប្រមាណ១០០ទីតាំង ហើយមានមនុស្សចូលរួម ជាង ១.៤លាននាក់។ ក៏ប៉ុន្តែ នគរបាលមិនបានផ្តល់ព័ត៌មានទាក់ទងនឹងតួលេខសរុបនៃមនុស្ស ដែលចូលរួមបាតុកម្ម នៅចន្លោះពីថ្ងៃសុក្រ និងដល់ ថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះទេ។

រលកនៃការប្រឆាំងនឹងគណបក្សស្តាំនិយមខ្លាំងមួយនេះ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី១០ ខែមករា ពោលចាប់តាំងពីបណ្តាញសារព័ត៌មានស៊ើបអង្កេតមួយ នៅអាល្លឺម៉ង់ ឈ្មោះថា Correctiv បានបង្ហាញថា ក្រុមសមាជិកនៃគណបក្ស AFD បានពិភាក្សាអំពី «ការបណ្តេញជនអន្តោប្រវេសន៍ និង ពលរដ្ឋដែលមិនសមហេតុផល» នៅឯកិច្ចប្រជុំ ជាមួយក្រុមជ្រុលនិយម។ អ្នកចូលរួមនៅក្នុងកិច្ចពិភាក្សានោះ រួមមានទាំងលោក Martin Sellner ដែលគេស្គាល់ថា ជាមេដឹកនាំចលនាអត្តសញ្ញាណកម្ម នៅប្រទេសអូទ្រីស ហើយជាអ្នកដែលជឿលើទ្រឹស្តីសមគំនិត «ការជំនួសដ៏អស្ចារ្យ»។ ប្រភពបានបន្តថា ក្នុងពេលនោះ មានជជែកអំពីផែនការ «យកជនចំណាកស្រុកមិនមែនស្បែកស ទៅជំនួសប្រជាជនស្បែកស» ដែលជនជាតិដើម របស់អឺរ៉ុបទៀតផង។

គួរបញ្ជាក់ថា ការផ្ទុះឡើងនៃបាតុកម្មនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ពាសពេញប្រទេសអាល្លឺម៉ង់ ហើយក៏មុនពេលដែលនឹងមានការបោះឆ្នោតថ្នាក់តំបន់ធំៗ ចំនួនបី នាភាគខាងកើតរបស់អាល្លឺម៉ង់ នាប៉ុន្មានខែខាងមុខនេះ។ អ្វីជាការកត់សម្គាល់នោះ គណបក្ស AFD កំពុងកើនឡើងប្រជាប្រិយ នៅក្នុងការស្ទង់មតិ ខណៈដែលតំបន់ភាគខាងកើត បក្សនេះទទួលបានការគាំទ្រខ្លាំងបំផុត។

យ៉ាងណាមិញ គណបក្ស AFD បានអះអាងថា សមាជិករបស់ខ្លួនពិតបានចូលរួមកិច្ចប្រជុំនេះមែន ប៉ុន្តែ ពួកគេបានបដិសេធមិនទទួលយកគម្រោង «ការធ្វើចំណាកស្រុក» ដែលផ្តួចផ្តើមឡើងដោយ លោក Martin Sellner នោះទេ។

កាលពីថ្ងៃអាទិត្យ ក្រុមបាតុករក្នុងរដ្ឋធានីបែកឡាំង របស់ប្រទេសអាល្លឺម៉ង់ បានកាន់ស្លាកសញ្ញាជាមួយពាក្យស្លោកដូចជា «គ្មានកន្លែងសម្រាប់ពួកណាស៊ី» ហើយបានគ្រវីទូរស័ព្ទបើក Flash រួមគ្នា នៅមុខសភាអាល្លឺម៉ង់ ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner