រដ្ឋមន្រ្តី នេត្រ ភក្រ្តា ៖ ក្រសួងព័ត៌មាននឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋពុលព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា ក្រសួងព័ត៌មាននឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋពុលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់បន្តថា ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ(និយា យពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅ ដូចគ្នាទៅនឹង សន្តិសុខស្បៀង សន្តិសុខថាមពល។
ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១. ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ ទី២.ព័ត៌មានដែលមានគុណភាព(គុណភាព អ្នកកាសែត) ទី៣. សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សន្តិសុខព័ត៌មានជាផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។ ឯកឧត្តមបានបន្ថែមថា នៅពេលខាងមុខនេះ ក្រសួងនឹង ដាក់ចេញនូវគោលនយោបាយជាតិពីផ្សាយព័ត៌មានពីអាណូឡូកទៅឌីជីថល ដែលគោលនយោបាយនេះមានការពាក់ព័ន្ធច្រើនរួមទាំងការនាំចូលនូវឧបករណ៍សម្ភារសោតទស្សន៍ចូលមកក្នុងប្រទេសថាតើ យើងត្រូវអនុញ្ញាតឱ្យមានការនាំចូលឧបករណ៍សោតទស្សន៍អាណូឡូកមកឬទេ? អ៊ីចឹងបានជាយើងចាំបាច់គោលនយោបាយជាតិមួយស្តីពីការផ្លាស់ប្តូរពីអាណូឡូក ទៅជាឌីជីថលដោយត្រូវធ្វើកិច្ចការងារយ៉ាងច្រើន។
ឯកឧត្តមលើកឡើងថា ក្នុងនាមជាក្រសួងរបស់រាជរដ្ឋាភិបាលយើងមិនអាចដើរក្រោយគេនោះទេ គឺយើងត្រូវតែពង្រឹងទៅមុខធ្វើយ៉ាងណាឱ្យដើរមុនគេ។ នៅក្នុងបរិបទឌីជីថលព័ត៌មានពិត និងព័ត៌មានមិនពិតនៅលាយឡំជាមួយគ្នា។ ចំណុចនេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បី ផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានលើកឡើងថា ក្រសួងបានកំណត់នូវសូរចនាករចំនួន៥សំខាន់ គឺទី១. ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូកទៅឌីជីថល ដើម្បីសម្របតាមវិវត្តន៍នៃបច្ចេកវិទ្យានិងអាស៊ានដែលអាស៊ានកំណត់បិទការផ្សាយតាមប្រព័ន្ធអាណូឡូកនៅចុងឆ្នាំ២០២៥។ទី២.ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រពន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប ទី៣.ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន ទី៤.ការប្រយុទ្ធប្រ ឆាំងព័ត៌មានក្លែងក្លាយ និងទី៥.កសាងលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការពង្រឹងការអនុវត្តច្បាប់ ជាដើម៕




ដោយ ៖ ង៉ាន់ ទិត្យ