ប្រធានាធិបតីសហរដ្ឋអាមេរិកប្តេជ្ញានឹងធ្វើជំរឿនប្រជាជនឲ្យបានតាមគំរោងថ្មីនៅឆ្នាំ២០២០ខាងមុខ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា នឹងមិនបោះបង់ចោលឡើយ ជុំវិញការធ្វើជំរឿននៅឆ្នាំ២០២០ខាងមុខ ដើម្បីដឹងថាប្រជាជនមាន ឬមិនមានសញ្ជាតិអាមេរិកដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក មានចំនួនប៉ុន្មាននាក់ឲ្យពិតប្រាកដ ។
ការធ្វើជំរឿន គឺស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ហើយវាត្រូវធ្វើឡើងជារៀងរាល់១០ឆ្នាំម្ដង ។ សម្រាប់ដំណើរការនៃជំរឿនប្រជាជននេះ ត្រូវបានគេមើលឃើញថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមសម្រិតសម្រាំងរកជនអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក តាមរយៈការបង្កើនសំនួរទៅក្នុងបែបបទនៃការធ្វើជំរឿន ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ថ្លែងនៅឯសេតវិមានថា ដោយសារតែមានវិវាទ និងការប្រឆាំងជំទាស់នោះ រដ្ឋបាលលោកនឹងមិនបន្ថែមសំណួរស្ដីពីសញ្ជាតិ ទៅក្នុងការធ្វើជំរឿនឆ្នាំ២០២០នោះទេ ។ ប៉ុន្តែប្រការនេះក៏មិនមែនមានន័យថា សេតវិមាននឹងបោះបង់ចោលការតស៊ូ នៅក្នុងការធ្វើជំរឿនដោយបន្ថែមសំនួរនោះដែរ ៕



