ឯកឧត្តម អ៊ាង សុផល្លែត ៖ ការវិនិយោគល្អ បង្កើនការងារប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានស្អាត គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ឯកឧត្តម ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគ ដែលមាន បំណង ជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជា ស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។

ការលើកឡើងអំពីបរិស្ថានស្អាតរបស់រដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា (EPIAC) ដោយមាន ក្រុម ហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងពិធីនេះតំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថានបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនចិនធ្វើការវិនិយោគ នៅ កម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាស គាំពារបរិស្ថាន នៅ កម្ពុជា (EPIAC) បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផល ប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លង កាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន EPA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ រួចហើយ។

ក្រុមហ៊ុន Newbustar (Cambodia) Tire CO.,LTD បានស្នើអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ចុះពិនិត្យផ្ទាល់នៅទីតាំងរោងចក្រ ដើម្បីបង្ហាញពីការវិនិយោគប្រកបដោយ ការទទួលខុសត្រូវ ជាពិសេសគឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលឆ្លើយ តប នឹងការប្រែប្រួលអាកាសធាតុជាគោលការណ៍សកល។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះការវិនិយោគស្អាត និង បើក ឱកាសឱ្យមានការវិនិយោគបែបនេះមកកម្ពុជាកាន់តែច្រើន ដើម្បីផ្តល់ឱកាស ការងារ ដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្រប តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner