ឧទ្ទាមហ៊ូធីអះអាងថា ពួកគេទើបបាញ់មីស៊ីលលើនាវាដឹកប្រេងរបស់អង់គ្លេស

បរទេស៖ ក្រុមឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែនបានឲ្យដឹង នៅថ្ងៃសុក្រថា ក្រុមរបស់ពួកគេទើបបានវាយប្រហារនាវាដឹកប្រេងរបស់ប្រទេសអង់គ្លេស នៅឈូងសមុទ្រ Aden ។ គេដឹងថា នាវាដឹកទំនិញឆ្លងកាត់តំបន់សមុទ្រក្រហម នៅតែបន្តរងការវាយប្រហារ ដោយពួកឧទ្ទាម ហ៊ូធី ហើយពួកគេតែងតែអះអាងថា ការវាយប្រហារនេះដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន ដែលកំពុងធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

អ្នកនាំពាក្យក្រុមឧទ្ទាម ហ៊ូធី (Huthi) លោក Yahya Saree បានអះអាងថា កងកម្លាំងរបស់ខ្លួនបានបាញ់មីស៊ីលទៅលើនាវាដឹកប្រេងរបស់អង់គ្លេសមួយនេះ បណ្តាលឲ្យឆាបឆេះនាវាមួយគ្រឿងនេះ ទៀតផង។ នេះគឺជាការវាយប្រហារថ្មីមួយទៀត ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់តំបន់សមុទ្រក្រហម។ ក្រុមឧទ្ទាមហ៊ូធី ត្រូវបានគេដឹងថា មានអ៊ីរ៉ង់ជាខ្នងបង្អែក នាពេលកន្លងមក។

លោក Yahya Saree បាននិយាយថា «កងកម្លាំងជើងទឹកនៅយេម៉ែន បានវាយប្រហារនាវាដឹកប្រេង ឈ្មោះថា Marlin Luanda»។ លោកបានបន្ថែមទៀត «ការវាយប្រហារនេះគឺចំគោលដៅ ហើយបានបណ្តាលឲ្យឆេះកប៉ាល់មួយគ្រឿងនោះ»។

គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលវិច្ឆិកា ឆ្នាំ២០២៣ រហូតមក ពួកហ៊ូធី បានវាយប្រហារលើនាវាពាណិជ្ជកម្ម រាប់សិបគ្រឿង នៅសមុទ្រក្រហម។ ពួកគេថា ការវាយប្រហារលើនាវាពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា ដោយពួកគេ កំណត់ថា នាវាទាំងនោះមានតំណភ្ជាប់ទៅកាន់ប្រទេសអ៊ីស្រាអែល។

ជាការឆ្លើយតប អង់គ្លេសនិងអាមេរិកបានបញ្ជូនកម្លាំង និងនាវា ទៅទីនោះ ដើម្បីតាមកំចាត់ក្រុមហ៊ូធី ហើយពួកហ៊ូធីក៏បន្តវាយប្រហារមកវិញ លើនាវារបស់អាមេរិក និងនាវាដឹកទំនិញរបស់អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេងៗទៀត ដែលឆ្លងកាត់នៅទីនោះ រួមទាំងនាវារបស់អង់គ្លេសផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner