ក្រុមអ្នកអភិរក្សជួយសង្រ្គោះសត្វត្រយងយក្ស ១ក្បាល ដោយជោគជ័យពីជម្ងឺ គ្រុនចាញ់បក្សី

(ភ្នំពេញ)៖ ក្រុមអ្នកអភិរក្សបានឱ្យដឹងថា៖បន្ទាប់ពីកិច្ចសហការរវាង មន្ទីរបរិ ស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្ស ជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺ គ្រុនចាញ់បក្សី ។

អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤នេះថា សត្វត្រយង យក្សដែលគេជួយសង្រ្គោះនេះបើគេមើលពីរូបរាងខាងក្រៅ ដូចគ្មានជំងឺនោះទេ តែពេលមកដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ រោគសញ្ញានៃជំងឺគ្រុនចាញ់បក្សី ក្នុងខ្លួនវាក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីមានការពិនិត្យសុខភាព យ៉ាង ហ្មត់ចត់ គេបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុន ចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ មជ្ឈមណ្ឌលអង្គរ សម្រាប់ ការអភិរក្សជីវៈចម្រុះ បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាល ជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។

យើងមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ ។

អង្គការ WCS បានឱ្យដឹងដែរថា៖ចំពោះការជួយសង្គ្រោះសត្វត្រយង យក្សនេះ គឺជា សមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សី ប្រភេទនេះ មាននៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សបានដើរតួយ៉ាងសំខាន់ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបាន ថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួម ចំណែក ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner