តុលាការបង្គាប់ឲ្យលោក ដូណាល់ ត្រាំ បង់ប្រាក់ជាង ៨៣លានដុល្លារ ពីបទបង្ខូចកេរ្តិ៍ឈ្មោះ

វ៉ាស៊ីងតោន ឌីស៊ី៖ គណៈវិនិច្ឆ័យក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យអតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤ លោក Donald Trump បង់ប្រាក់ចំនួន ៨៣.៣លានដុល្លារ ដើម្បីផ្តល់សំណងដល់អ្នកនិពន្ធ ឈ្មោះ E. Jean Carroll បន្ទាប់ពីរកឃើញថា លោក ត្រាំ បានបង្ខូចកេរ្តិ៍ឈ្មោះ ទាក់ទងនឹងការចោទប្រកាន់រឿងរំលោភបំពានផ្លូវភេទ។

មេធាវីរបស់លោក Donald Trump គឺលោកស្រី Alina Habba បានប្រាប់អ្នកយកព័ត៌មានអំឡុងពេលកំពុងចាកចេញ ពីតុលាការសហព័ន្ធ ក្នុងទីក្រុង Manhattan ថា «យើងត្រូវបានគេដកហូតរាល់ការការពារ គឺរាល់ការការពារទាំងអស់ មុនពេលយើងទៅទីនោះ» ។ លោកស្រី Habba និយាយទៀតថា «យើងនឹងប្តឹងឧទ្ធរណ៍ភ្លាមៗ»។ ជាមួយគ្នានេះ តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក Trump បានរិះគន់ការសម្រេចចិត្តនេះ ដោយលោកបាត់ទុកសាលក្រមនេះថា «គួរឱ្យអស់សំណើច» ហើយសន្យាថា នឹងប្តឹងឧទ្ធរណ៍។

គួរបញ្ជាក់ថា ដីការដ្ឋប្បវេណី ទាក់ទងនឹងសំណងជាង ៨៣លានដុល្លារអាមេរិក គឺមានចំនួនលើស ជាង១០លានដុល្លារ បើធៀបនឹងការចង់បានរបស់អ្នកនិពន្ធ E. Jean Carroll នាពេលកន្លងមក។ ដីកានេះបានពន្យល់លម្អិតថា ៦៥ លានដុល្លារ សម្រាប់ការខូចខាត ដាក់ទណ្ឌកម្មក្នុងការអត្ថាធិប្បាយជាសាធារណៈជាច្រើនអំពីលោកស្រី Carroll ហើយ ៧.៣លានដុល្លារជាសំណងសម្រាប់ការខូចខាតនិង ១១ លានដុល្លារ សម្រាប់ការជួសជុលកេរ្តិ៍ឈ្មោះ។

គណៈវិនិច្ឆ័យបានឈានដល់ការសម្រេចចិត្តរបស់ខ្លួន បន្ទាប់ពីចំណាយពិភាក្សា រយៈពេលតិចជាងបីម៉ោង។ លោក Trump មិនស្ថិតនៅក្នុងតុលាការទេ ក្នុងពេលដែលដីកាសម្រេចទាក់ទងនឹង កម្រិតនៃសំណង និងការខូចខាតត្រូវពិន័យ ត្រូវបានអានដោយ ក្រឡាបញ្ជីតុលាការនោះទេ។

ភាគីឈ្នះក្តី លោកស្រី Carroll បាននិយាយថា «នេះគឺជាជ័យជម្នះដ៏អស្ចារ្យមួយ សម្រាប់ស្ត្រីគ្រប់រូប ដែលក្រោកឈរឡើង នៅពេលដែលនាងត្រូវបានគេផ្តួលរំលំ ហើយវាជាការបរាជ័យដ៏ធំសម្បើម សម្រាប់រាល់ការសម្លុត ដែលព្យាយាមគាបសង្កត់នារី»។

គួរបញ្ជាក់ថា លោក Trump បានធ្វើអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះលើលោកស្រី Carroll កាលពីពេលដែលលោកធ្វើជាប្រធានាធិបតីអាមេរិក។ លោកបានជេរប្រមាថជាសាធារណៈ និងចោទប្រកាន់ថា លោកស្រីថា ជាមនុស្សកហុសដែលនិយាយថា លោកធ្លាប់បានបំពានផ្លូវភេទលើលោកស្រី កាលពីទសវត្សរ៍ ឆ្នាំ១៩៩០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner