លោក ពូទីន៖ ច្បាស់ណាស់! អ៊ុយក្រែនពិតជានៅពីក្រោយ ការធ្លាក់យន្តហោះយោធា

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃសុក្រថា អ៊ុយក្រែនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនសម្ភារយោធា IL-76 របស់រុស្ស៊ី ដែលដឹកអ្នកទោសអ៊ុយក្រែន ឆ្លងកាត់តំបន់ព្រំដែន Belgorod ក្នុងសប្តាហ៍នេះ។

យោងតាមទីក្រុងមូស្គូ យន្តហោះនេះប៉ុនប៉ងធ្វើដំណើរ ទៅកាន់តំបន់ព្រំដែន ដើម្បីធ្វើការដោះដូរអ្នកទោស កាលពីថ្ងៃពុធ។ ពេលនោះ ស្រាប់តែយន្តហោះនេះ ត្រូវបានវាយប្រហារដោយកាំជ្រួច «ប្រឆាំងយន្តហោះ»។ ប្រភពបានបន្ថែមទៀតថា មានអ្នកទោសសង្គ្រាមអ៊ុយក្រែន ចំនួន៦៥នាក់ នៅលើយន្តហោះ អំឡុងដំណើរលើកនោះ។

គេបានដឹងដែរថា ទាំងអ្នកទោស ក្រុមអ្នកបើកបរយន្តហោះ ៦នាក់ និងទាហានរុស្ស៊ី បីនាក់ទៀត បានស្លាប់ទាំងអស់ ក្នុងហេតុការណ៍នេះ។

យ៉ាងណាមិញ អ៊ុយក្រែនមិនបានបញ្ជាក់ ឬ បដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួន ក្នុងការធ្លាក់យន្តហោះនេះទេ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែនបានចោទសួរថា តើពិតជាអ្នកទោសពិតជានៅលើយន្តហោះ មែនឬអត់។

លោក ពូទីន បានប្រាប់ក្រុមទាហាននិស្សិត ក្នុងប្រតិកម្មដំបូងរបស់លោក ចំពោះការធ្លាក់យន្តហោះនេះ កាលពីថ្ងៃទី២៦ ខែមករាថា «ខ្ញុំមិនដឹងថាពួកគេធ្វើរឿងនេះ ដោយចេតនា ឬ ដោយមិនបានគិតនោះទេ ប៉ុន្តែវាច្បាស់ណាស់ថា ពួកគេបានធ្វើវា»។

លោកក៏បានចោទប្រកាន់ថា អ៊ុយក្រែនបានដឹងពីរបៀបដែលរុស្ស៊ីមានផែនការ ដឹកជញ្ជូនអ្នកទោសទាំងនោះ ហើយអ៊ុយក្រែនបានបាញ់ប្រហារលើយន្តហោះ ជាការចោទប្រកាន់ដែលត្រូវបានបដិសេធយ៉ាងដាច់អហង្កា ពីសំណាក់អ៊ុយក្រែន។

លោក ពូទីន បានថ្លែងបញ្ជាក់ទៀតថា «វាជាបទឧក្រិដ្ឋ ច្បាស់ណាស់»។ ក្នុងពេលនោះដែរ លោកពូទីនក៏បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់អាយុជីវិតក្រុមអ្នកបើកបរយន្តហោះ ផងដែរ។

គួរបញ្ជាក់ថា ទាំងអ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែបានបើកការស៊ើបអង្កេត លើករណីនេះ ហើយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថែមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេត កម្រិតអន្តរជាតិ។ អ៊ុយក្រែនជឿថា ការដោះដូរអ្នកទោស ពិតត្រូវធ្វើឡើងមែន ប៉ុន្តែ ខ្លួនមិនត្រូវបានគេរាយការណ៍ថា នឹងមានការបញ្ជូនអ្នកទោស ទៅកាន់ព្រំដែន តាមជើងយន្តហោះណានោះទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner