បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន៖ សមិទ្ធផលដែលយើងសម្រេចបាន គឺកើតចេញពីសុខសន្តិភាព និង ស្ថិរភាពនយោបាយ
(ខេត្តស្វាយរៀង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ទីចាត់ការ ១ខ្នង នៅសាលាបឋមសិក្សាកំពង់ចំឡង ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់ទុកថា សមិទ្ធផលទីចាត់ការនេះ កើតចេញពីការរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមបានល្អ ។

ទីចាត់ការ ១ខ្នងនេះ មានទំហំ៨ គុណ ៩ម៉ែត្រ ជូនដល់សាលាបឋមសិក្សាកំពង់ចំឡង ស្ថិតក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រាប់បម្រើជាប្រយោជន៍រួម ។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងក្រុមការងារ ក៏បានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ ១៨នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល លោកតា លោកយាយ ៣១នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា១ សិស្សានុសិស្សចំនួន ៩៥នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល ប៊ិច ២ដើម ខ្មៅដៃ ១ដើម និងជ័រលុប ១ផងដែរ ៕
ដោយ ៖ នុត នាង


