គ ជ ប ខេត្តសៀមរាប ប្រជុំរៀបចំដំណើរការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ខេត្តសៀមរាប)៖ នៅស្នាក់ការ គ ជ ប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងគោលបំណងឱ្យដំណើរការនៃការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយ រលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ ជ ប គណ:កម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឱ្យយកចិត្តទុកដាក់សហការ អនុវត្ត តាមគោលការណ៍ និងវិធានការចំនួន ៥ចំណុចសំខាន់ៗនៅក្នុងអង្គប្រជុំ ទី១. លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប និង គធ.ខប ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត និងគណៈអភិបាលរាជធានី ខេត្ត ដែលជា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការចាត់ចែងរៀបចំកម្លាំង នគរបាល ឬ/និង កងរាជអាវុធហត្ថ ឬ/និងកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋានឈរជើងនៅតាមរាជធានី ខេត្ត ឱ្យបំពេញ ភារកិច្ចជាភ្នាក់ ងារសន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញា និងគោលដៅសំខាន់ៗ ផ្អែកតាមចំនួនកម្លាំងដែលបានកំណត់ ក្នុងផែនការ អន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងសេចក្តី ណែនាំរួមលេខ ០៥ សណន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងចាត់វិធាន ការនានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប ព្រមទាំង ផែនការ ឬក៏សេចក្ដីណែនាំផ្សេងៗទៀតដែល ពាក់ព័ន្ធ នឹងការងារសន្តិសុខ។

លោក បានបន្តថា ទី ២. គធ.ខប នីមួយៗត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជា ប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដែលមានស្នងកា រដ្ឋាន នគរបាលរាជធានី ខេត្ត ជាសេនាធិការ ពិសេសកម្លាំងការពារក្នុងពេល ឃោសនាបោះឆ្នោត ការពារការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹក ឆ្នោត កម្លាំងត្រៀមអន្តរាគមន៍ ភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែងនៅតាមបញ្ជាការដ្ឋានយោធភូមិភាគនៃរាជធានី ខេត្តដែលពាក់ព័ន្ធ ដោយផ្អែកតាមផែនការកំណត់។ ទី ៣. គធ.ខប ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្ដូរព័ត៌មានអំពីសភាពការណ៍ សន្តិសុខ ទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់ អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យ បានទាន់ពេលវេលា ក្នុងករណីមានការ អុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ឬ មានអគ្គិ ភ័យ ឬបញ្ហាសុខភាពផ្សេងៗទៀត ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ទី ៤. ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ប្រសិនបើប្រទេសជាតិជួបគ្រោះ អាសន្ន ឬស្ថានភាពនៃ ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ វិធានការសុខាភិបាល វិធានការរដ្ឋបាល និង វិធាន ការចាំ បាច់នានាត្រូវអនុវត្តដោយ គ.ជ.ប និងគណៈកម្មការ រៀបចំ ការ បោះឆ្នោត គ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ទី ៥. ចាប់ពីពេលនេះ រហូតចប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០ ២៤ គធ.ខប នីមួយៗ ត្រូវស្នើសុំកិច្ចសហការពី គណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ម្តងក្នុងមួយសប្តាហ៍ និងអាចកោះប្រជុំតាមការចាំបាច់ក្នុងគោលបំណង ពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់ បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬការប្រឈមនានាដែលកើតមានឡើង និងត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប៕

ដោយ ស៊ាន សុផាត

ads banner