ករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ខេត្តកំពង់ធំ ទទួលបានដំណោះស្រាយដ៏សមស្របនិងទាន់ពេលវេលា

(ភ្នំពេញ)៖ ក្រោមកិច្ចដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជុំវិញករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ខេត្តកំពង់ធំ គូភាគីទទួលបានដំណោះស្រាយបណ្ដោះអាសន្នដ៏សមស្របនិងទាន់ពេលវេលា ។

ដើម្បីដោះស្រាយបញ្ហាធំនៅចំពោះមុខ និងសង្គ្រោះផលស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករឱ្យ បានទាន់ពេលវេលា។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានចាត់គណៈប្រតិភូរបស់ក្រសួងចុះជួបជាមួយ លោក ហង់ សុគន្ធ អ្នកគ្រប់គ្រងស្ថានីយបូមទឹកប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង និងតំណាងប្រជាពលរដ្ឋ ចំនួន ១២៥ គ្រួសារ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយឱ្យអ្នកគ្រប់គ្រងស្ថានីយបូមទឹក ផ្គត់ផ្គង់ទឹកជូន កសិករឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ចៀសវាងការខូចខាតស្រូវរបស់ប្រជាកសិករ។

ក្រោមការសម្របសម្រួលរបស់ក្រសួងអធិការកិច្ច រដ្ឋបាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ភាគី លោក ហង់ សុគន្ធ និងតំណាងប្រជាពលរដ្ឋចំនួន ១២៥ គ្រួសារ បានឈានដល់ការស្រុះស្រួលគ្នាដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផលប្រយោជន៍រួម រហូតដល់ចុះ កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹកធ្វើស្រែ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាកសិករសម្រាប់ធ្វើស្រែលើផ្ទៃដីទំហំ ២២០០ ហិកតា ដោយ លោក ហង់ សុគន្ធ ត្រូវបំពេញកាតព្វកិច្ចនានា ដូចមានចែងក្នុងកិច្ចព្រមព្រៀង ក្នុងរយៈពេលមួយរដូវ ស្រូវប្រាំងប្រដេញទឹក ក្នុងឆ្នាំ២០២៤ ដើម្បីសង្គ្រោះផលស្រូវរបស់ប្រជា កសិករ ឱ្យបានទាន់ពេលវេលា។ ដោយឡែក ចំពោះដីដែលបានកាប់ទន្ទ្រានស្ថិតក្នុងតំបន់៣ មិនត្រូវបានផ្គត់ផ្គង់ ទឹកជូនទេ ព្រោះជាដីទន្ទ្រានខុសច្បាប់ ។

ជាក់ស្តែងនារសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងអធិការកិច្ច បានរៀបចំពិធីចុះកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹកធ្វើស្រែ រវាង លោក ហង់ សុគន្ធ អ្នក គ្រប់គ្រងស្ថានីយបូមទឹក ប្រឡាយព្រះស្នែង និងប្រឡាយព្រះគន្លង ជាមួយតំណាងប្រជាពលរដ្ឋចំនួន ១២៥ គ្រួសារដែលជាអ្នកទទួលការផ្គត់ផ្គង់ទឹកធ្វើស្រែ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោម អធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការចូលរួមពី លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ និងលោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ។

តំណាងប្រជាពលរដ្ឋចំនួន ១២៥ គ្រួសារ និងភាគី លោក ហង់ សុគន្ធ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងអធិការកិច្ច រដ្ឋបាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដែលបានខិតខំសម្របសម្រួលជូនគូភាគីទាំងពី រហូតបានទទួល ដំណោះស្រាយបណ្ដោះអាសន្នដ៏សមស្របនិងទាន់ពេលវេលា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner