ស្ពានអាកាសមរតកតេជោ ស បច្ចុប្បន្នបានសម្រេចប្រមាណ ៨០% ហើយនឹងត្រូវធ្វើពិធីតភា្ជប់ ឆាប់ៗនេះ
ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ នេះ (ស្ពានអាកាស២ជាន់ ) ជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំនិងចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំការសាងសង់ដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
បើយោងតាម ហ្វេសប៊ុកផ្លូវការ របស់អភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ។
សូមជម្រាបដែរថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។
ហើយទន្ទឹមនឹងនេះ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ







