រដ្ឋមន្ត្រីការបរទេសកម្ពុជាដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្លួងព្រះបាង ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤។

តបតាមការអញ្ជើញរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្រ្តនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួមផងដែរ។ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner