លោក Trump ប្រឆាំងនឹងផែនការព្រំដែនរបស់លោក Biden

វ៉ាស៊ីងតោន ឌីស៊ី៖ លោក Donald Trump កាលពីថ្ងៃសៅរ៍ បានគូសបញ្ជាក់ពីការប្រឆាំងរបស់លោក ចំពោះផែនការអន្តោប្រវេសន៍ របស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលសន្យាថា នឹងប្រើវា ដើម្បី «បិទ»ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ប្រសិនបើមានភាពច្របូកច្របល់។

បញ្ហាអន្តោប្រវេសន៍ត្រូវបានគេដឹងថា ជាប្រធានបទដ៏ក្តៅគគុកបំផុតមួយ ក្នុងការប្រជែងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយគេដឹងថា មានភាគរយច្រើនដែលថា លោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ និងលោក បៃឌិន មកពីបក្សប្រជាធិបតេយ្យ ត្រូវជួបតទល់គ្នា ណ្តើមការគ្រប់គ្រងសេតវិមាន ម្តងទៀត។

លោក Biden បានស្នើឲ្យមានផែនការអន្តោប្រវេសន៍ទ្វេភាគី កាលពីថ្ងៃសុក្រ ដោយទទូចថា បើពង្រាងនេះឆ្លងកាត់សភារួចរាល់ នឹងឈានដល់ការកែទម្រង់ព្រំដែន ដ៏លំបាកបំផុត មិនធ្លាប់មាន។

លោក Biden បាននិយាយថា «ផែនការនេះនឹងផ្តល់ឱ្យខ្ញុំ ក្នុងនាមជាប្រធានាធិបតី ជាអាជ្ញាធរគ្រាអាសន្នថ្មីមួយ ដើម្បីបិទព្រំដែន ដែលមានភាពលើសលប់។ ហើយប្រសិនបើផ្តល់សិទ្ធិអំណាចនោះ ខ្ញុំនឹងប្រើវា នៅថ្ងៃដែលខ្ញុំចុះហត្ថលេខា លើច្បាប់នេះ» ។

រីឯ លោក Trump បានកំណត់បញ្ហាអន្តោប្រវេសន៍ ជាចំណុចសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីដណ្តើមយកសេតវិមាន មកគ្រប់គ្រងឡើងវិញ។ កាលពីថ្ងៃទី២៧ ខែមករា ក្នុងពេលជួបអ្នកគាំទ្រ លោក Trump បានព្រមានយ៉ាងធ្ងន់ធ្ងរ អំពីអ្វីដែលលោកហៅថា «ធម្មជាតិនៃព្រំដែន» ។ លោកបានអះអាងថា លោកប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ដោយព្យាយាមមិនឲ្យព្រឹទ្ធសភាគាំទ្រផែនការនេះទេ។

អំឡុងវេទិកា ដែលរៀបចំឡើង នៅទីក្រុង Las Vegas នាពេលនោះ លោក ត្រាំ បានលើកឡើងថា «ព្រំដែនគឺស្ថិតនៅក្នុងការប្រកួតប្រជែងនយោបាយ ហើយការលេងបែបនេះ មិនធ្លាប់មានទេ ពីមុនមក» ។ លោកបានបន្តថា «យើងអាចនឹងចាប់ផ្តើមប្រតិបត្តិការនិរទេសក្នុងស្រុក ដ៏ធំបំផុត នៅអាមេរិក»។ បើអនុវត្តផែនការនេះ លោក ត្រាំ ថែមទាំងព្រមានថា «ឱកាស ១០០ ភាគរយ ដែលនឹងមានការវាយប្រហារភេរវកម្មដ៏ធំ នៅក្នុងសហរដ្ឋអាមេរិក ដែលបង្កឡើងដោយមនុស្សឆ្លងកាត់ព្រំដែន»។

គួរកត់សម្គាល់ថា បញ្ហាជនអន្តោប្រវេសន៍តាមព្រំដែនប្រទេសមិចស៊ិក ចូលទៅក្នុងទឹកដីអាមេរិកនៅតែបង្កការឈឺក្បាល។ បណ្តារដ្ឋរបស់អាមេរិក ជាប់ព្រំដែនជាមួយម៉ិចស៊ិកព្រួយបារម្ភខ្លាំងអំពីបញ្ហានេះ ដោយទាមទារឲ្យមានដំណោះស្រាយ ក្នុងនោះ មានការលើកឡើងថា ត្រឹមពេល២ ឬ៣ថ្ងៃ មានលំហូរជនចំណាកស្រុកឆ្លងកាត់ រហូតដល់ទៅរាប់ពាន់នាក់ ក៏មាន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner