ឆ្នាំ២០២៣! ថៃទទួលបានភ្ញៀវទេសចរ ជាង២៨លាននាក់ ឈរលំដាប់លេខ១ នៅអាស៊ាន

បាងកក៖ ប្រទេសថៃបានយកឈ្នះបណ្តាប្រទេសអាស៊ានផ្សេងៗទៀត ក្នុងការទទួលភ្ញៀវទេសចរបានច្រើនជាងគេ កាលពីឆ្នាំ២០២៣ ក្នុងនោះ ទទួលបាន ចំនួនជាង២៨លាននាក់ កើនឡើង ជិត១៥៤ភាគរយ ធៀបនឹងឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ដោយបានដកស្រង់សម្តីរបស់លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ដែលបានគូសបញ្ជាក់ពីរឿងនេះ។

លោកស្រីបាននិយាយទៀតថា ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសថៃ ក្នុងឆ្នាំ២០២៣ មានចំនួន ២៨,០៩ លាននាក់ កើនឡើង ១៥៣,៩៤% បើធៀបនឹងឆ្នាំ ២០២២ ដែលពេលនោះ មាន ១១,០៦ លាននាក់។

ប្រភពក៏បានចុះផ្សាយផងដែរ អំពីភ្ញៀវទេសចរដែលបានទៅលេងកម្សាន្ត នៅប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ដែលមានច្រើនផងដែរ។ គេបញ្ជាក់ថា វៀតណាម មានភ្ញៀវទេសចរចំនួន ១២.០៦ លាននាក់ កាលពីឆ្នាំមុន។ គេក៏បានចុះផ្សាយអំពីចំនួនភ្ញៀវទេសចរ ដែលបានទៅកម្សាន្ត នៅប្រទេសកម្ពុជា, សិង្ហបុរី, ហ្វីលីពីន និងប្រ៊ុយណេ កាលពីឆ្នាំ២០២៣ ផងដែរ។

រដ្ឋមន្ត្រីទេសចរណ៍ថៃ លោកស្រី Wangsuphakijkosol បានឲ្យដឹងដែរថា ជាមធ្យម បណ្តាប្រទេសនៃប្លុកអាស៊ាន មានការកើនឡើងភ្ញៀវទេសចរ ចំនួន ១៥៣% កាលពីឆ្នាំមុន។ ការណ៍នេះជំរុញឲ្យលោកស្រីហ៊ានសន្មត់ថា ជាជោគជ័យនៃយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ចំនួនពីរ ដែលបានចាប់ផ្តើមអនុវត្តរួមគ្នា ដោយរដ្ឋជាសមាជិកអាស៊ាន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner