ឯកឧត្តម សុខ ចិន្តាសោភា អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តី ការបរទេស អាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសឡាវ
(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូល រួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រ ព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធាន អាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤ ។ រដ្ឋមន្ត្រីការបរទេស អាស៊ាននឹងពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្ត្រនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការ រៀបចំ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនង ខាងក្រៅរបស់អាស៊ាន ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួម ផងដែរ ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕
ដោយ ៖ សួង ពិសិដ្ឋ



