សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០ ។

សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។

សម្ដេចធិបតីបន្តថា សូមបេក្ខជនប្រឡងប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំងវិញ្ញាសាសរសេរនាថ្ងៃនេះ និងវិញ្ញាសាអនុវត្តកីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិនត្រូវធ្វេសប្រហែសលើវិញ្ញាសាណាមួយឡើយ ។

នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគួសបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ត្រូវបានញែកចេញជាពីរវិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារសរសេរ ដោយមានបីវិញ្ញាសារសរសេរ ចែកចេញជាវប្បធម៌ទូទៅ ជីវវិជ្ជា និងភាសារអង់គ្លេស ហើយនិងវិញ្ញាសារអនុវត្ត។

នៅថ្ងៃស្អែកនេះ ត្រូវនិងថ្ងៃទី២៩ ខែមករា គណៈកម្មការរៀបចំការប្រឡងប្រជែងដែលមាន ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ និងធ្វើការចាប់ផ្តើមកំណែវិញ្ញសាសរសេរ ទីតាំងមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល ។ ជាមួយគ្នានេះដែរ នីតិវិធីដល់បេក្ខជនត្រៀមប្រឡងអនុវត្តន៍កីឡា និងធ្វើឡើងនៅទីតាំងពហុកីឡាជាតិអូឡាំពិក និងនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាផងដែរ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner