អ៊ីរ៉ង់បញ្ជូនផ្កាយរណប ៣គ្រឿង ទៅកាន់ទីអវកាសដោយជោគជ័យ
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ បាញ់បង្ហោះផ្កាយរណបចំនួន ៣គ្រឿងទៅកាន់ទីអវកាសដោយជោគជ័យ ពោលជិតមួយសប្តាហ៍បន្ទាប់ពីទើបបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវដោយឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលនាំឱ្យមានការរិះគន់ពីលោកខាងលិច។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចេញផ្សាយថា ផ្កាយរណបចំនួន ៣គ្រឿងរបស់ប្រទេសនេះ បានបាញ់បង្ហោះក្នុងពេលដំណាលគ្នា ឡើងទៅកាន់ទីអវកាសដោយជោគជ័យជាលើកដំបូង។ ការបាញ់បង្ហោះផ្កាយរណបទាំងនោះ បានប្រើប្រាស់រ៉ុក្កែត Simorgh របស់អ៊ីរ៉ង់ ដែលធ្លាប់បរាជ័យជាច្រើនលើកកន្លងមក។
កាលពីសប្តាហ៍មុន ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក៏បានបញ្ជូនផ្កាយរណប Soraya ទៅកាន់ទីអវកាសផងដែរ ដោយធ្វើឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្រកាសថ្កោលទោសការបាញ់បង្ហោះផ្កាយរណបនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលអ៊ីរ៉ង់ច្រានចោល។
រដ្ឋាភិបាលលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់ម្តងហើយម្តងទៀត ប្រឆាំងនឹងការបាញ់បង្ហោះបែបនេះ ដោយនិយាយថា បច្ចេកវិទ្យាដូចគ្នានេះ អាចត្រូវបានប្រើសម្រាប់អភិវឌ្ឍន៍មីស៊ីលផ្លោង រួមទាំងឧបករណ៍ដែលរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ។
ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលការចោទប្រកាន់នេះ ហើយនិយាយថា ខ្លួនមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរទេ ហើយការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិល ឬការពារខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានបរាជ័យជាច្រើនលើក ក្នុងការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់ទីអវកាស។
ទោះបីជាយ៉ាងណា ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន មានឈ្មោះថា Nour-1 ដោយជោគជ័យ ទៅកាន់គន្លងតារាវិថីក្នុងខែមេសា ឆ្នាំ២០២០ បានរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


