លោក បៃដិន សន្យាសងសឹក បន្ទាប់ពីទាហានអាមេរិក ៣នាក់ត្រូវសម្លាប់នៅហ្ស៊កដានី

វ៉ាស៊ីនតោន៖ នេះជាលើកដំបូងហើយ ដែលបុគ្គលិកយោធាអាមេរិកត្រូវសម្លាប់ដោយភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ផ្តើម។

ការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានទ័ពមួយកន្លែងក្នុងប្រទេសហ្ស៊កដានី បានសម្លាប់ទាហានអាមេរិក ៣នាក់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចោទលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ហើយប្តេជ្ញាថា នឹងសងសឹកវិញ។ ការវាយប្រហារនេះ នឹងបង្កើនភាពតានតឹងក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានការភ័យខ្លាច ជម្លោះកាន់តែរីកធំ រហូតអូសទាញអ៊ីរ៉ង់ជាប់ពាក់ព័ន្ធដោយផ្ទាល់។

លោក បៃដិន បាននិយាយនៅពេលធ្វើដំណើរទៅកាន់រដ្ឋ South Carolina ថា ទោះបីជាយើងកំពុងស៊ើបអង្កេតស្វែងរកការពិតក៏ដោយ តែយើងដឹងថា ការវាយប្រហារនេះ ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី និងអ៊ីរ៉ាក់។ ដូច្នេះយើងនឹងចាត់វិធានការសងសឹកវិញ។ បើតាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្រៅពីបុគ្គលិកយោធាអាមេរិកស្លាប់ ក៏មានកងទ័ព ២៥នាក់ផ្សេងទៀតរងរបួសផងដែរ។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្តៅ បង្កជាបញ្ហាប្រឈមដល់លោក បៃដិន ក្នុងអំឡុងការបោះឆ្នោតនៅឆ្នាំនេះ។ ជាក់ស្តែង អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋជាច្រើន កំពុងប្រើប្រាស់ការវាយប្រហារចុងក្រោយនេះ ដើម្បីស្វែងរកផលចំណេញផ្នែកនយោបាយ រួមទាំងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រឿងនេះបង្ហាញពីភាពខ្សោយរបស់លោក ចូ បៃដិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner