គណបក្សកម្លាំងជាតិ ចាត់ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន បង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតនៅទូទាំងប្រទេស
ភ្នំពេញ៖ គណបក្សកម្លាំងជាតិ បានចាត់ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន នៅពេលនេះ គឺបានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត នៅទូទាំងប្រទេស ហើយគណបក្សកម្លាំងជាតិ ត្រូវតែចេញមុខការពារយុត្តិធម៌ជូនអ្នកដែលកំពុងរងគ្រោះដោយទង្វើផ្តាច់ការនេះ និងជំរុញឱ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀន ងាកមកអនុវត្តតាមគន្លងគោលការណ៍ប្រជាធិបតេយ្យ សេរីឡើងវិញ ស្របតាមស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានអំពាវនាវដល់ក្រសួងមហាផ្ទៃ សូមកុំទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ពីព្រោះជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
