CAPFISH-Capture ជាគម្រោងដ៏ធំសម្រាប់ជំរុញសុវត្ថិភាពម្ហូបអាហារ និងលើកស្ទួយវិស័យជលផលនៅកម្ពុជា
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ។
ទាក់ទិនទៅនឹងគម្រោង CAPFISH-Captureនេះដែរ កាលពីថ្មីៗកន្លងមក រដ្ឋបាលជលផល និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួន បួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជល ផល ៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់ គ្រង ជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវ ជ្រាវនាសណ្ខានគារសាន់វ៉េ រាជធានីភ្នំពេញ។
កញ្ញា រេប៊ែកកា ប៊ែល (Rebekah Bell)នាយិកាប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំកម្ពុជាបានថ្លែងថា៖កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បី ចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលរបស់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះមានគោលបំណងពង្រឹងការគ្រប់គ្រង ការអភិរក្ស និងប្រព័ន្ធគ្រប់គ្រងជលផលទឹកសាប និងសមុទ្រ។
កញ្ញាបានបញ្ជាក់បន្ថែមថា៖ចាប់តាំងពីឆ្នាំ២០២១មក អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលជលផលបានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យក្រចេះ និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ក្នុងការរៀបចំកម្មវិធីចុះកម្មសិក្សា និងហាត់ការរបស់និស្សិតនៅតាមខណ្ឌរដ្ឋបាលជលផល ។
កញ្ញាបានថ្លែងដែរថាFAOផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យជលផល (SPF)។ FAO ទទួលស្គាល់ថា វិស័យជលផល និងវារីវប្បកម្ម រួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ស្ត្រី និងបុរសរាប់លាននាក់ជុំវិញពិភពលោក រួមទាំង កម្ពុជាផងដែរ ។
លោក ខួច អេវើរ៉េត អនុប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ថា CAPFISH-Capture គឺជាគម្រោងមួយដ៏ធំសម្រាប់កម្ពុជា និង ក៏អាចចាត់ទុកជាគម្រោងយ៉ាងសំខាន់មួយផងដែរ ។ គម្រោងនេះក្នុងពិភពលោកក៏ពុំធ្លាប់មានដែរមានតែក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះដែលមានគម្រោងដ៏ធំបែបនេះ ។ មានការផ្តល់មូលនិធិ ១២២លានយូរ៉ូ ។ កម្ពុជា គឺជាប្រទេសដំបូង និងជាប្រទេសទី១ ដែលទទួលបាននូវការ ឧបត្ថម្ភក៏ដូចជាទទួលបានមូលនិធិនៅក្នុងវិស័យជលផល ។ ក្រៅពីនេះក៏មានគម្រោងផ្សេងៗទៀតដែលដំណើរការ តាមរយៈការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបផងដែរ ។
លោក បានបញ្ជាក់ថា”វាជាឱកាសល្អមែនទែនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍន៍ វិស័យ ជលផលរបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ រាជ រដ្ឋាភិបាល ក្នុងពេលបច្ចុប្បន្ន។កម្មវិធីនេះគឺបានជួយគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសផ្តោតទៅលើវិស័យជលផលនេះតែម្ដង”។
ជាមួយគ្នានេះ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុង១ឆ្នាំៗតម្រូវការនាំចេញត្រីចម្រុះទៅបរទេស និងសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសមានបរិមាណប្រមាណ ៩០ម៉ឺនតោន ដោយសារការនិយមចូលចិត្តយកទៅធ្វើជាម្ហូបអាហារប្រចាំថ្ងៃ។ ប្រភេទត្រីដែលនាំចេញ និងត្រីដែលផ្គត់ផ្គង់ក្នុងស្រុកភាគច្រើន គឺជាត្រីដែលមានក្នុងបឹងទន្លេសាប និងជាត្រីដែលមានប្រូតេអ៊ីនខ្ពស់ ។
លោកបាន លើកទឹកចិត្តពលរដ្ឋឱ្យចិញ្ចឹមត្រីបែបវារីវប្បកម្ម ដោយសារកំណើនទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើង ដែលស្របគ្នានឹងកំណើនប្រជាពលរដ្ឋក្នុងប្រទេស និង ការនាំចេញក្រៅប្រទេសកាន់តែមានតម្រូវការខ្ពស់ឡើង។
គួរបញ្ជាក់ថា វិស័យជលផលនៅកម្ពុជាមានសារៈសំខាន់ ណាស់សម្រាប់ សេដ្ឋកិច្ច និងសន្តិសុខស្បៀង ដោយប្រជាជនប្រមាណ ៤០ភាគរយពឹងផ្អែក ដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។ ភាគច្រើនជាស្ត្រី ដែលដើរតួនាទីនាំមុខ និងជាម្ចាស់សហគ្រាសកែច្នៃផល ផលិតផល ជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាអ្នកទទួលបន្ទុកដោយផ្ទាល់ ក្នុងការកែច្នៃ ការងារទីផ្សារ លក់រាយ និងចែកជាយផលិតផល ជលផលទាំងនេះនៅទូទាំងប្រទេសតែម្តង។ជាមួយគ្នាបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២៣ ផលនេសាទ និងផលវារីវប្បកម្ម អនុវត្តបានជាង៨៦ម៉ឺនតោន ស្មើ០,៤៧ភាគរយ ក្នុងនោះផលនេសាទទឹកសាបទទួលបានជាង ៤២ម៉ឺនតោន កើនឡើងជាង២ម៉ឺនតោន ស្មើជាង៥ភាគរយ និងផលនេសាទសមុទ្រជាង ១២ម៉ឺនតោនកើនឡើង៣០០តោន ស្មើនឹងជិត១ភាគរយ ព្រមទាំងផលវារីវប្បកម្មទទួលបានជាង ៣១ម៉ឺនតោនថយចុះជាង ១ម៉ឺន៦ពាន់តោន ស្មើនឹងជាង ៥ភាគរយ ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ រិន រចនា







