ក្នុងខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងចំនួន២៨ ក្នុងនេះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១ករណី
ភ្នំពេញ៖ អង្ភភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ អង្គភាពរបស់ខ្លួនបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ២៨ពាក្យប្ដឹង ។ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០១ករណី ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច និងសម្អាតប្រាក់ ។
ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងពេលបើកកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះថា ៖ ក្នុងខែនេះ ក្រៅពីអង្គភាពប្រឆាំងអំពើពុករលួយដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងហើយ អង្គភាពរបស់លោកបានបញ្ជូនទៅតុលាការករណី លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោមការចោទពីបទរំលោភអំណាច និងបទសម្អាតប្រាក់ គឺជាបទល្មើស ទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយក្នុងមុខងារជាអ្នកកាន់ការងាររាជការ ។
គួរបញ្ជាក់ថា ចំណាត់ការលើលោក ខេង យ័ន គឺបន្ទាប់អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ បញ្ជួនទៅតុលាការកាលពីរសៀលថ្ងៃទី១៣មករា២០២៤ ក្រោមការចោទពីបទរំលោភអំណាច និងបទសម្អាតប្រាក់៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ ហេង សម្បត្តិ




