តម្លៃប្រេងកើនឡើង ចំពេលភាពតានតឹងថ្មីកើតឡើងនៅមជ្ឈិមបូព៌ា
ហុងកុង៖ នៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃប្រេងបានហក់ឡើង ស្របពេលមានភាពតានតឹងថ្មីកើតឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាថា នឹងសងសឹក ក្រោយចោទក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ ជាអ្នកប្រើយន្តហោះដ្រូនវាយប្រហារសម្លាប់ទាហានអាមេរិក ៣នាក់នៅហ៊្សកដានី។
តម្លៃប្រេងប្រភេទ West Texas Intermediate កើនឡើង ០.៤ភាគរយ ដល់ ៧៨.៣៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងប្រភេទ Brent កើនឡើង ០.៤ភាគរយ ដល់ ៨៣.៣០ដុល្លារក្នុងមួយបារ៉ែល។
ការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានកងទ័ពមួយក្នុងប្រទេសហ៊្សកដានី កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ូទីរបស់យេម៉ែន វាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម បង្កើនភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទំនិញ តាមរយៈផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់។
អគ្គនាយកប្រតិបតិ្តក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura លោក Andrew Ticehurst និយាយថា ដំណឹងកងទ័ពអាមេរិក ៣នាក់ត្រូវបានសម្លាប់ ព្រោះការវាយប្រហារដោយយន្តហោះដ្រូន ហើយលោក ចូ បៃដិន សន្យាថា នឹងសងសឹកវិញ ទំនងជានឹងធ្វើឱ្យទីផ្សារប្រេងផ្តោតលើតំបន់មជ្ឈិមបូព៌ា។
ស្ថានការណ៍តានតឹងនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែលបន្តធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយបន្ថែមការព្រួយបារម្ភរបស់អ្នកវិនិយោគ ជុំវិញការរីករាលដាលជម្លោះកាន់តែធំ នាំឱ្យមានការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់-អាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

