កសិករ រងគ្រោះដោយភ្លើងឆេះស្រូវ នៅស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានយុត្តិធម៌ និង ការជួយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម Tik Tok ស្តីពីករណីដុតស្រូវប្រជាកសិករនោះ,នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន លោក យន ឡាច អាយុ ៥៩ឆ្នាំ ជាកសិកររងគ្រោះដោយការដុតស្រូវ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្ន កុំឱ្យមានករណីដូចនេះកើតឡើងទៀត ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។

លោកជំទាវ បានផ្តាំផ្ញើ សូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ជាកិច្ចឆ្លើយតប លោក យន ឡាច មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ១០លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ ។

បន្ទាប់មក លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងអនុសាខាស្រុកគិរីវង់ បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹងចំនួន ៣៨គ្រួសារ រស់នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ផងដែរ ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ទឹកស៊ីអ៊ីវ ឬទឹកត្រី ១យួរ និងឃីត ១កញ្ចប់ មាន មុង ភួយ សារុង និង ក្រមា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner