ប្រមុខការទូតអាមេរិកព្រមានថា ប្រជាជនអ៊ុយក្រែននឹងស្ថិតក្នុងគ្រោះថ្នាក់ បើសិនគ្មានជំនួយពីសហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃចន្ទសប្តាហ៍ព្រមានថា សង្គ្រាមអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំមកនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល បើសិនគ្មានការផ្តល់មូលនិធិថ្មីពីសហរដ្ឋអាមេរិក។

អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចុះបញ្ចូលសភាអាមេរិក ឱ្យយល់ព្រមទម្លាក់កញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន។

ថ្លែងក្នុងសន្និសិទកាសែតរួមគ្នាជាមួយលោក ស្តូលធិនបឺគ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន និយាយថា បើគ្មានការផ្តល់មូលនិធិថ្មីទេ អ្វីគ្រប់យ៉ាងដែលប្រជាជនអ៊ុយក្រែនសម្រេចបាន ហើយអ្វីដែលយើងបានជួយពួកគេឱ្យសម្រេចបាន នឹងស្ថិតក្នុងគ្រោះថ្នាក់ ហើយលោក ពូទីន នឹងឈ្នះសង្គ្រាមនៅអ៊ុយក្រែន។

ចំណែកលោក ស្តូលធិនបឺគ និយាយថា លោកនឹងជួបជាមួយសមាជិកសភាអាមេរិកនៅថ្ងៃអង្គារនេះ ហើយប្រាប់ពួកគេថា ការគាំទ្រអ៊ុយក្រែន គឺដើម្បីផលប្រយោជន៍សន្តិសុខរបស់ពួកយើង។

ប្រមុខអង្គការណាតូរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា វានឹងក្លាយជាសោកនាដកម្មមួយសម្រាប់ប្រជាជនអ៊ុយក្រែន ប្រសិនបើលោកប្រធានាធិបតី ពូទីន ឈ្នះសង្គ្រាម ប៉ុន្តែវាក៏នឹងធ្វើឱ្យពិភពលោកកាន់តែមានគ្រោះថ្នាក់ ហើយយើងទាំងអស់គ្នាកាន់តែអសន្តិសុខ។

បន្ថែមលើនេះ វាក៏នឹងជំរុញឱ្យមេដឹកនាំផ្តាច់ការផ្សេងទៀត ដែលមិនត្រឹមតែលោក ពូទីន នោះទេ តែថែមទាំងកូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ជ្រើសរើសប្រើកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាផងដែរ។

គួរបញ្ជាក់ថា ជំនួយអាមេរិករាប់សិបពាន់លានដុល្លារ ក្នុងនោះមានទាំងសាច់ប្រាក់ និងសម្ភារៈយោធា បានផ្តល់ឱ្យអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែសមាជិកសភាមកពីបក្សសាធារណរដ្ឋកាន់តែស្ទាក់ស្ទើរបន្តគាំទ្រទីក្រុងកៀវ ដោយនិយាយថា ការបញ្ចប់សង្គ្រាមគ្មានភាពច្បាស់លាស់ ខណៈការប្រយុទ្ធគ្នាជាមួយកងកម្លាំងរបស់លោក ពូទីន នៅតែបន្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner